ក្រោយប្រធានសមាគមបាល់ទាត់ឥណ្ឌូនេស៊ីថាមិនដាក់ពិន័យកីឡាករ អ្នកគាំទ្របាល់ទាត់ថៃឡាំប៉ាមិនអស់ចិត្តភ្លែត
នៅព្រឹកថ្ងៃទី ២៥ ខែឧសភានេះ លោក Erick Thohir ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានធ្វើការឆ្លើយតបទៅកាន់អ្នកគាំទ្រថៃ ដែលទាមទារឱ្យឥណ្ឌូនេស៊ីធ្វើការដាក់ទោសកីឡាករខ្លួនដូចថៃបានធ្វើ ដូចជាការដាក់ពិន័យគ្រូបង្វឹក និង កីឡាករចំនួន ៥ នាក់ ដោយព្យួរការងារពី ៦ ខែទៅ ១ ឆ្នាំ។
លោក Erick បានលើកឡើងថា ៖ «ខ្ញុំបានឃើញហើយ ការដាក់ពិន័យដល់ក្រុមគ្រូបង្វឹក និង កីឡាកររបស់សមាគមបាលទាត់ថៃ តែចំពោះយើង (ឥណ្ឌូនេស៊ី) នឹងមិនមានការពិន័យអ្វីទាំងអស់ ប្រទេសណាចង់ដាក់ទោស វាជាបញ្ហារបស់ប្រទេសនោះ។ យើងមិនចាំបាច់ធ្វើអន្តរាគមន៍អ្វីទេ ព្រោះរូបភាព និង ការរិះគន់កន្លងមកវាជាមេរៀនដែលកីឡាកររបស់យើងបានទទួលរួចហើយ បន្ទាប់ពីនេះគឺយើងត្រូវយកមកសិក្សា ហើយកែប្រែកំហុសទាំងនោះឡើងវិញ។ សុំបញ្ជាក់ថា ពួកយើងនៅតែមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងអាស៊ាន មិនថាថៃ ឬ វៀតណាមទេ ទោះបីជាមានរូបភាពមិនល្អកើតឡើងពិតមែន»។
យ៉ាងណាមិញ ក្រោយលោក Erick ឆ្លើយតប មហាជនថៃហាក់នៅមិនអស់ចិត្ត ដោយយោងតាមសារព័ត៌មាន Thairath បានចុះផ្សាយថា ៖ «មានអ្នកគាំទ្រជាច្រើនមិនពេញចិត្ត ហើយបានរិះគន់ទៅលោក Erick ដោយខ្លះលើកឡើងថា ចិត្តថ្លើមលោកប្រធានធ្វើដោយអ្វី ហេតុអ្វីបានមិនប្រកាន់យុត្តិធម៌បែបនេះ? កីឡាករថៃមិនមែនជាអ្នកបង្កតែម្ខាងទេ ឥណ្ឌូនេស៊ីក៏វាយតប់មកកាន់កីឡាករថៃដូចគ្នា គួរតែទទួលទោសទាំងសងខាងទើបស្មើភាពគ្នា»៕