លោកអ្នកប្រាកដជាធ្លាប់ឮ និង ធ្លាប់ដឹងពីជំងឺស្ទះសរសៃឈាមបេះដូងរួចមកហើយ ត្បិតជំងឺនេះមិនមែនជាប្រភេទជំងឺឆ្លង ក៏ប៉ុន្តែមានប្រជាជនកម្ពុជាមិនតិចនាក់នោះទេ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ ដូច្នេះក្នុងអត្ថបទនេះ យើងនឹងមកដឹងពីមូលហេតុធំមួយដែលនៅពីក្រោយការកើតជំងឺស្ទះសរសៃឈាមបេះដូងនេះ។
នៅក្នុងកម្មវិធីកិច្ចសន្ទនា TV Talkshow ថ្មីៗនេះ លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសជំងឺបេះដូង បានចែករំលែកព័ត៌មានគួរឱ្យព្រួយបារម្ភអំពីស្ថានភាពជំងឺស្ទះសរសៃឈាមបេះដូងនៅកម្ពុជាថា ៖ ជំងឺស្ទះសរសៃឈាមបេះដូងឈរនៅលេខរៀងលំដាប់ទី ២ នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា (យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក (WHO) 2019) ដោយសារតែកត្តាខ្វះការយល់ដឹងទាក់ទងនឹងជំងឺនេះ។
យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺស្ទះសរសៃឈាមបេះដូង គឺឈរនៅលេខរៀងលំដាប់ទី ២ នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា
ដូច្នេះយើងត្រូវផ្សព្វផ្សាយ ក៏ដូចជាលើកឡើងពីបញ្ហាជំងឺនេះឱ្យបានច្រើន ពីការប៉ះពាល់ខ្លាំងដល់គុណភាពជីវិត។ រវាងការថែរក្សាសុខភាពបេះដូងរបស់អ្នកឱ្យបានល្អ និង ចំណាយប្រាក់យ៉ាងច្រើនសម្រាប់ព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង តើអ្នកនឹងជ្រើសរើសវិធីមួយណា? សូមកុំរង់ចាំរហូតដល់វាកើតមកលើខ្លួនយើង ឬ រហូតដល់ចំនួនកើនឡើងកាន់តែធ្ងន់ធ្ងរ ចូរស្វែងរកវិធីផ្ទាល់ខ្លួនដើម្បីការពារខ្លួនអ្នកពីជំងឺមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សម្រាប់ព័ត៌មានបន្ថែមដើម្បីជ្រាបកាន់តែស៊ីជម្រៅអំពីស្ថានភាព និង វិធីការពារខ្លួនអ្នក និង មនុស្សជាទីស្រឡាញ់របស់អ្នកពីជំងឺស្ទះសរសៃឈាមបេះដូងនេះ សូមតាមដានកិច្ចសន្ទនាជាមួយលោកវេជ្ជបណ្ឌិត ថេង យូដាលីន នៅក្នុងកិច្ចសម្ភាសតាមរយៈវីដេអូខាងក្រោមនេះ ៖
ដោយយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ថេង យូដាលីន ដែលជាគ្រូពេទ្យឯកទេសជំងឺបេះដូង និង សរសៃឈាម បានពន្យល់ឱ្យដឹងថា មានកត្តាជាច្រើនដែលជំរុញឱ្យកើតមានជំងឺស្ទះសរសៃឈាមបេះដូង ប៉ុន្តែក្នុងនោះមានកត្តាធំៗចំនួនពីរដែលជះឥទ្ធិលពលខ្លាំង គឺកត្តារបបអាហារ និង ការហាត់ប្រាណ។ លោកវេជ្ជបណ្ឌិតបន្តថា កត្តាចំណីអាហារ គឺជះឥទ្ធិពលខ្លាំងណាស់ដល់សុខភាពរាងកាយ ជាក់ស្ដែងក្រុមអាហារដែលងាយនឹងធ្វើឱ្យមានបញ្ហាស្ទះសរសៃឈាមបេះដូង គឺជាប្រភេទអាហារដែលមានរសជាតិប្រៃខ្លាំងពេក និង ជាពិសេសគឺពពួកគ្រឿងបំពងដែលប្រើប្រេង ឬ ខ្លាញ់ច្រំដែលៗ។
លោកគ្រូពេទ្យបានបន្ថែមថា ពពួកប្រេងឆា ខ្លាញ់ជ្រូក មួយចំនួនគឺប្រើហើយងាយនឹងធ្វើឱ្យលើសជាតិខ្លាញ់ (កូលេស្តេរ៉ុល) ក្នុងរាងកាយលឿនបំផុត ដូច្នេះប្រេងដែលគួរប្រើ គឺពពួកប្រេងដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ ឬ ប្រេងបន្លែជាដើម ដូចជាប្រេងសណ្តែកសៀង ឬ ប្រេងអង្ករសម្រូប ពីព្រោះប្រេងទាំង ២ ប្រភេទនេះ មិនមានផ្ទុក Cholesterol (ឬហៅថាខ្លាញ់អាក្រក់) ដែលមានសារធាតុចិញ្ចឹមល្អៗដែលជួយកាត់បន្ថយបញ្ហាស្ទះសរសៃឈាម វាខុសពីប្រេងដែលចម្រាញ់ពីសត្វ។ ដូច្នេះហើយការប្រើប្រាស់ប្រេងដែលមានសារប្រយោជន៍ក្នុងពេលចម្អិនអាហារ និង ជ្រើសរើសយកគ្រឿងផ្សំល្អៗគឺជាវិធីសាមញ្ញមួយក្នុងការជ្រើសរើសអាហារសុខភាពក៏ដូចជាការពារសុខភាពបេះដូងរបស់អ្នកផងដែរ។
ក្រៅពីនេះ ការហាត់ប្រាណក៏ជាផ្នែកធំមួយដែលអាចជួយឱ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាស្ទះសរសៃឈាមបេះដូងផងដែរ ពីព្រោះថានៅពេលលោកអ្នកបង្កើតសកម្មភាពដូចជាការដើរ រត់ ឬក៏ហាត់យោហ្គា គឺជាផ្នែកមួយជួយបញ្ចុះកូលេសស្ដេរ៉ុលក្នុងរាងកាយ បានច្រើនបំផុត ហើយក៏ជួយឱ្យចរន្តឈាមដំណើរស្រួល ហើយបេះដូងមានសុខភាពល្អ។ សរុបជារួម ដើម្បីចៀសឆ្ងាយពីជំងឺស្ទះសរសៃឈាមបេះដូង លោកអ្នកត្រូវមានទម្លាប់ក្នុងការហាត់ប្រាណ និង ជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ។ ជាពិសេសសូមជ្រើសរើសប្រភេទប្រេងឆាណាដែលល្អចំពោះសុខភាពយើង។
Dr. Quote: យើងគួរតែកាត់បន្ថយ ឬ ការប្រើខ្លាញ់អាក្រក់ ហើយជំនួសមកប្រើប្រេងដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង។