ស្ងាត់រឿងស្នេហាមួយរយៈ គ្រាន់តែ នាយ ចឺម ថតរូបជាមួយស្រីស្អាតវ័យក្មេងម្នាក់ អ្នកគាំទ្រផ្ទុះខមមិនព្រាត
ចំពោះតារាចម្រៀងប្រុសវ័យក្មេង នាយ ចឺម មហាជនអ្នកតាមដានជីវិតឯកជនរបស់លោក សុទ្ធសឹងតែបានជ្រាបហើយ ដោយលោកអាចចាត់ទុកជាតារាប្រុសសម្បូរស្នេហ៍មួយរូប កន្លងមកក្រៅពីជីវិតសិល្បៈ តារាប្រុសរូបនេះតែងត្រូវបានមហាជនចាប់អារម្មណ៍តាមដានខ្លាំងពីជីវិតស្នេហា ដែលធ្លាប់មានរឿងអាស្រូវស្នេហានឹងតារាស្រីរូបស្រស់ប៉ុន្មានរូប ដែលធ្លាប់សាងស្នេហ៍យ៉ាងផ្អែមស្អិតល្មួតនឹងគ្នាមួយឆាវ ហើយក៏បានប្រេះឆាវិញបន្តបន្ទាប់។
មួយរយៈធំចុងក្រោយនេះ អ្វីដែលគួរឱ្យកត់សម្គាល់ចំពោះ នាយ ចឺម ដោយធ្លាប់តែល្បីព័ត៌មានរឿងអាស្រូវទាក់ទងនឹងរឿងស្នេហាច្រើនផុតពីមួយចូលមួយ ប៉ុន្តែចាប់តាំងពីបែកស្នេហាជាមួយនឹងអ្នកមេម៉ាយរូបស្រស់ជាង ២ ឆ្នាំកន្លងមក គេសង្កេតឃើញថាលោកហាក់លែងសូវខ្វាយខ្វល់រកស្នេហាថ្មី និង មិនឃើញល្បីរឿងអាស្រូវស្នេហាជាមួយនារីរូបណាទៀតឡើយ ដោយកំពុងតែសំងំផ្ដោតលើការងារខ្លាំង ទាំងវិស័យសិល្បៈ និង ការងាររកស៊ីផ្សេងៗ។
ដោយឡែក ស្រាប់តែ ថ្មីៗនេះ តារាចម្រៀងប្រុសសម្បូរស្នេហ៍រូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រដែលចូលចិត្តតាមដានជីវិតស្នេហារបស់លោក កំពុងផ្ទុះចាប់អារម្មណ៍ជាថ្មី ខណៈបានឃើញលោកបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ភ្ជាប់ជាមួយសារថា «រាត្រីសួស្ដី» និង មានដាក់រូប Emoji បេះដូងទៀតផង។
ចំពោះការបង្ហោះរបស់ នាយ ចឺម នេះដែរ ដ្បិតតែលោកពុំបានបញ្ជាក់ច្បាស់ៗថានារីក្នុងរូបភាពនោះ ត្រូវជាអ្វីនឹងគ្នាមែន ប៉ុន្តែក្រឡេកទៅអ្នកគាំទ្រលើហ្វេសប៊ុកកំពុងផ្ទុះចែករំលែក និង បញ្ចេញមតិព្រោងព្រាតរៀងៗខ្លួនបង្ហាញការអបអរ ដោយគិតថានាងជាម្ចាស់បេះដូងថ្មីរបស់លោកផងដែរ៕