ចុងអាទិត្យនេះ ទិវាគុណម្តាយ ឬ Mother’s Day ប៉ះចំថ្ងៃ អាទិត្យ ទី ១២ ខែឧសភា។ ជាកូនល្អ គួរគប្បីមិនភ្លេចឡើយនូវការបង្ហាញពីការដឹងគុណទៅកាន់ពួកគាត់។ អ្នកអាចបង្ហាញការដឹងគុណតាមរយៈសកម្មភាពផ្សេងៗ ដូចជាជូនជាកាដូ ឬ មួយនាំទៅបង្កើតបរិយាកាសនៅខាងក្រៅជាដើម។ បើចង់នាំអ្នកម្តាយចេញទៅខាងក្រៅ «ប្រជាប្រិយ» សូមផ្តល់គំនិតជាការជូនពួកគាត់ទៅពិសាអាហារនៅភោជនីយដ្ឋានណាមួយ ដែលមានបរិយាកាសស្រស់ស្រាយ ការរៀបចំប្រណីត ឯមុខម្ហូបក៏ត្រូវតែពិសេស។ ពិតប្រាកដណាស់នៅថ្ងៃ Mother’s Day ភោជនីយដ្ឋាន ៥ កន្លែង បានត្រៀមរៀបចំកម្មវិធីយ៉ាងពិសេសសម្រាប់អ្នកម្តាយ ដូច្នេះយើងសូមបង្ហាញដូចខាងក្រោម៖
១. Market Café Restaurant & Lounge
ភោជនីយដ្ឋាននេះស្ថិតនៅក្នុងសណ្ឋាគារ Hyatt Regency Phnom Penh ក្បែរទៅនឹងសារមន្ទីរជាតិ។ នៅថ្ងៃ Mother’s Day ទីនេះមានរៀបចំកម្មវិធីដ៏ពិសេសមួយ ដែលជាការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ អមដោយសកម្មភាពសប្បាយៗជាមួយម្តាយ និងកូន។ សកម្មភាពមានដូចជា ធ្វើទឹកផ្លែឈើ ចាក់កម្រងផ្កាម្លិះ និងទទួលបាន Greeting Card សម្រាប់សរសេរសារជូនទៅកាន់អ្នកម្តាយ។ កម្មវិធីនេះចាប់ផ្តើមពីម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ៣ រសៀល។ ចំពោះតម្លៃសម្រាប់មនុស្សធំក្នុងម្នាក់ ៦៨ ដុល្លារឡើង និងសម្រាប់កូនក្មេងអាយុពី ៦-១១ ឆ្នាំ តម្លៃ ២០ ដុល្លារឡើងក្នុងម្នាក់។
២. The Mekong
ភោជនីយដ្ឋាននេះស្ថិតនៅក្នុងសណ្ឋាគារ Courtyard by Marriott Phnom Penh ដែលមានទីតាំងនៅលើផ្លូវ ២១៤ កែងនឹងផ្លូវ ៦៣ នៃរាជធានីភ្នំពេញ។ កម្មវិធីពិសេសនឹងចាប់ផ្តើមសម្រាប់អាហារថ្ងៃត្រង់ពីម៉ោង ១២ ដល់ម៉ោង ២ កន្លះ។ ក្នុងនោះមានអាហារ ៤ មុខ ធ្វើឡើងយ៉ាងពិសេសសម្រាប់ទិវាគុណម្តាយ បូករួមជាមួយភេសជ្ជៈកាហ្វេតែផងដែរ។ ចំពោះតម្លៃ ក្នុងម្នាក់ ៣៥ ដុល្លារឡើង។ បើនាំអ្នកម្តាយទៅ មានបញ្ចុះតម្លៃថែម ២៥ % លើតម្លៃសរុបទាំងអស់។
៣. Jumbo Seafood
ដើម្បីអបអរក្នុងឱកាសទិវាមាតាអន្តរជាតិ ភោជនីយដ្ឋាន Jumbo Seafood មានការផ្តល់ជូនពិសេសដល់អតិថិជនដែលជាម្តាយនូវស៊ុបប៉ូវសុខភាពមួយចានដោយឥតគិតថ្លៃ និងរៀបចំការប្រគំតន្រ្តីវីយូឡុងដ៏ពិសេសទៀតផង។ ភោជនីយដ្ឋានមានជាមួយឈុតអាហារបែបគ្រួសារដែលមានតម្លៃសមរម្យ និងគ្រឿងសមុទ្រស្រស់ៗតម្លៃ 135$++ សម្រាប់មនុស្សចាប់ពី ៤ នាក់ឡើងទៅ។ ចំពោះទីតាំងគឺនៅជាន់ទី ២ នៃផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល។
៤. Don Forni
ចង់ឱ្យអ្នកម្តាយសាកល្បងម្ហូបអ៊ីតាលី អ្នកអាចនាំគាត់ទៅភោជនីយដ្ឋាននេះនៅថ្ងៃ Mother’s Day។ ភោជនីយដ្ឋានដែលស្ថិតនៅក្នុងសណ្ឋាគារ Sofitel Phnom Penh Phokeethra នេះមានរៀបចំការទទួលទានអាហារសម្រាប់អ្នកម្តាយ ក្នុងបរិយាកាសបែបប្រណីត លាយឡំគយគន់ទេសភាពរុក្ខជាតិយ៉ាងស្រស់ស្អាតដែលបង្អួតសម្រស់ពីខាងក្រៅ។ ទទួលទានអាហារទីនេះ អ្នកម្តាយគ្រប់រូបនឹងទទួលបានកាដូពិសេសពីកន្លែងស្ប៉ា Sofitel Spa។ ចំពោះតម្លៃមានចាប់ពី ៥០ ដុល្លារឡើង និង ១១០ ដុល្លារឡើង។ កម្មវិធីចាប់ផ្តើមពីម៉ោង ១១ កន្លះ ដល់ម៉ោង ២ កន្លះរសៀល។
៥. Palace Gate Hotel & Resort
នៅសណ្ឋាគារនេះមានរៀបចំជាអាហារប៊ូហ្វេ (Buffet Brunch) ដ៏ឈ្ងុយឆ្ងាញ់ អមដោយស្រាបៀរ Angkor Draft ឥតគិតថ្លៃ ហើយថែមទាំងអាចហែលទឹកលេងកម្សាន្តបានដោយសេរីផងដែរ។ កម្មវិធីចាប់ផ្តើមពីម៉ោង ១១ កន្លះ ដល់ម៉ោង ២ រសៀល។ តម្លៃសម្រាប់មនុស្សពេញវ័យ ២៥ ដុល្លារឡើង និងសម្រាប់កូនក្មេងអាយុ ៦-១២ ឆ្នាំ តម្លៃ ១២,៥ ដុល្លារឡើង៕