ម្ចាស់បទ «Girls Like You» សារភាពមិនបានក្បត់ផិតប្រពន្ធទេ តែរាងលេងហួសព្រំដែនបន្តិច
តារាចម្រៀងប្រចាំក្រុម Maroon 5 លោក Adam Levine ថ្មីៗកំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកតាមបណ្ដាសារព័ត៌មាននានា ក្រោយស្ត្រីចំនួន ៣ រូប រួមមាន Influencer ឈ្មោះ Sumner Stroh គ្រូបង្ហាត់យូហ្គាឈ្មោះ Alanna Zabel និង តារាកំប្លែងស្រី Maryka បានចេញមុខចោទប្រកាន់លោកថា បានបង្កាត់ភ្លើងស្នេហ៍ជាមួយពួកគេ ទាំងដែលបច្ចុប្បន្ន Adam និង ភរិយា កំពុងត្រៀមខ្លួនទទួលសមាជិកទី ៣ ចូលមកក្នុងគ្រួសាររបស់ខ្លួននោះ។
ជាមួយនឹងរឿងអាស្រូវដ៏ក្ដៅគគុកនេះដែរ តារាចម្រៀង Adam Levine ក៏មិនរង់ចាំយូរ បានចេញមុខឆ្លើយតបឱ្យអស់ចម្ងល់ផងដែរថា លោកគឺមិនបានលួចផិតក្បត់ប្រពន្ធនោះឡើយ ប៉ុន្តែលោកទទួលស្គាល់ថា លោកបានធ្វើហួសព្រំដែនបន្តិចមែន។
តាមរយៈការបង្ហោះលើ Story IG របស់លោក Adam បានរៀបរាប់ថា ៖«ព័ត៌មានជាច្រើនកំពុងនិយាយពីខ្ញុំបច្ចុប្បន្ននេះ ហើយខ្ញុំក៏ចង់មកបកស្រាយឱ្យដាច់ស្រេច។ ខ្ញុំប្រើប្រាស់ពាក្យពេចន៍មិនសមរម្យជាមួយអ្នកផ្សេងក្រៅពីប្រពន្ធរបស់ខ្ញុំ ក្នុងអាកប្បកិរិយារបៀបញ៉ែញ៉ង។ ខ្ញុំគឺមិនមែនលួចលាក់ស្នេហាផិតក្បត់ជាមួយនរណានោះឡើយ តែខ្ញុំទទួលស្គាល់ថា ខ្ញុំបានធ្វើលើសព្រំដែន អំឡុងពេលដ៏គួរឱ្យស្ដាយបំផុតក្នុងជីវិតរបស់ខ្ញុំ។ ក្នុងកាលៈទេសៈមួយ វាបានក្លាយជារឿងដែលមិនសមរម្យ ខ្ញុំបានលើកយកបញ្ហានេះ ហើយក៏បានដោះស្រាយវាជាមួយក្រុមគ្រួសាររបស់ខ្ញុំដែរ។ ភរិយាខ្ញុំ និង ក្រុមគ្រួសារខ្ញុំ គឺជាអ្វីដែលខ្ញុំខ្វាយខ្វល់ជាងគេបំផុតក្នុងលោកនេះ។ ភាពឆោត និង ល្ងង់ខ្លៅ ដែលប្រថុយរឿងមួយដែលសំខាន់បំផុតសម្រាប់ខ្ញុំ គឺជាកំហុសធំបំផុតដែលខ្ញុំបានធ្វើ។ ខ្ញុំនឹងមិនឱ្យមានកំហុសនេះជាថ្មីម្ដងទៀតនោះឡើយ។ ខ្ញុំទទួលខុសត្រូវលើវាទាំងអស់។ ពួកយើងនឹងឆ្លងកាត់វាជាមួយគ្នា»៕