ល្បីទឹកដៃខ្លាំង Janita Love សិល្បករផាត់មុខជា transgender ភ្ញៀវពេញចិត្តសុទ្ធតែបុគ្គលធំៗលំដាប់ខ្ពស់
នៅក្នុងវិស័យផាត់មុខ នរណាដែលថាមិនស្គាល់ Janita Love! ជាការពិតណាស់ នាងជាអ្នកផាត់មុខល្បីឈ្មោះ មានទឹកដៃខ្លាំង មានអ្នកតាមដានច្រើននៅលើបណ្តាញសង្គម ជាពិសេស ទឹកដៃផាត់មុខរបស់នាងទទួលបានការពេញចិត្តខ្លាំងពីសំណាក់បុគ្គលល្បីៗ តារាសិល្បៈ និង បុគ្គលមានមុខមាត់នៅក្នុងសង្គម។ ចុះតើនាងអាចឈានមកដល់ចំណុចនេះដោយរបៀបណា?
មានមុខមាត់រាងរៅសម្រស់មិនចាញ់តារា តាមការចុះផ្សាយរបស់ Prestige, Janita Love ជា transgender ឬ អ្នកប្តូរភេទ នាងជាសិល្បករផាត់មុខ ជាអ្នកផាត់មុខឯករាជ្យ និង ជាម្ចាស់សាឡន Glamorous Salon។ តាមការបង្ហោះលើបណ្តាញសង្គមកន្លងមក ភ្ញៀវប្រចាំធំៗដែលនាងផាត់ផ្ទាល់ដៃមានដូចជា៖ លោកជំទាវ យឹម ឆៃលីន, លីនដាន កូនស្រីអភិជនជាន់ខ្ពស់, អ្នកនាង តាំង ប៉ោហ្គិច ហៅ Jade, តារាចម្រៀង ទេព បូព្រឹក្ស និង តារាចម្រៀង សុខ ពិសី…ជាដើម។
ចាប់កំណើតនៅទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៨២ Janita Love គឺជាកូនពៅក្នុងចំណោមបងប្អូន ៦ នាក់។ នាងមានចំណូលចិត្តទាក់ទងនឹងសិល្បៈតាំងតែពីក្មេង ហើយនាងក៏ប្រឈមបញ្ហាជាច្រើន ទាក់ទងនឹងអត្តសញ្ញាណភេទរបស់ខ្លួនផងដែរ។ ទោះយ៉ាងនេះក្តី នាងមិនអនុញ្ញាតឱ្យវាមករារាំងក្តីស្រមៃរបស់នាងឡើយ។ នាងជឿជាក់ថា ការធ្វើជាធាតុពិតរបស់ខ្លួន គឺជាគន្លឹះនៃសុភមង្គល និង ភាពជោគជ័យ។
ដំណើរឆ្ពោះទៅរកចំណូលចិត្តសិល្បៈ វាបានកើតឡើងនៅពេលដែលនាងរកឃើញឥទ្ធិពលនៃការផាត់មុខ ដែលវាអាចផ្លាស់ប្តូររូបសម្រស់របស់នាងបាន។ នាងបានប្រើជំនាញដោយធ្វើការផាត់មុខឱ្យម្តាយ និង បន្ទាប់មកបានសិក្សាតិចនិចជាច្រើននៅសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា ជាមួយជំនាញធ្វើម៉ូដសក់។ ក្រោយរៀនចប់ពីសាលាសម្រស់ នាងបានចូលធ្វើការនៅ Cindy Salon ជាសិល្បករផាត់មុខ ដោយបានធ្វើការនៅទីនោះអស់រយៈពេល ១០ ឆ្នាំ។ ជាមួយ Cindy Salon នៅក្នុងឆ្នាំ ២០០០ នាងបានចូលក្នុងក្រុមផាត់មុខ សម្រាប់កម្មវិធីប្រកួតសម្រស់ Freshie Boys and Girls ដែលនេះក៏ជាឱកាសធ្វើឱ្យនាងបានពង្រីកមហិច្ឆតា សម្រាប់ឧស្សាហកម្មសម្រស់មកដល់សព្វថ្ងៃផងដែរ។
ជាមួយការវិវឌ្ឍន៍ខ្លួន និង កើនទេពកោសល្យជាលំដាប់ ទឹកដៃផាត់មុខរបស់ Janita Love ត្រូវបានទទួលស្គាល់ពីចង្កោមបុគ្គលផ្សេងៗគ្នានៅក្នុងសង្គម។ ជាក់ស្តែង ស្ថិតក្នុងវ័យ ៤២ ឆ្នាំ បច្ចុប្បន្ននាងជាសិល្បករផាត់មុខដែលមានឥទ្ធិពល និង ល្បីល្បាញនៅលើបណ្តាញសង្គម។ ភ្ញៀវរបស់នាងសុទ្ធតែជាបុគ្គលលំដាប់ខ្ពស់ អ្នកជំនួញស្រីល្បីៗ ពួកគេទុកចិត្តលើនាង ឱ្យនាងជាអ្នកផ្លាស់ប្តូរសម្រស់ពួកគេ សម្រាប់ចូលរួមកម្មវិធីផ្សេងៗ រួមទាំងការថតរូប pre-wedding និង ថ្ងៃរៀបការផងដែរ៕