សង្ហាណាស់! អាយុទើប ១១ ឆ្នាំកូនប្រុសច្បងអ្នកស្រី អ៊ឹម សុគន្ធា និង លោក គង់ រ៉ាយុទ្ធ ពេញកំលោះកម្ពស់ម្ដាយបាត់
មហាជននិយមតាមដានជីវិតឯកជនរបស់អ្នកស្រី អ៊ឹម សុគន្ធា ច្បាស់ជាបានជ្រាបហើយថា មុននឹងក្លាយជាអ្នករកស៊ីល្បីឈ្មោះក្នុងសង្គម អ្នកស្រីក៏ជាអតីតតារាស្រីមួយរូបដែរ កាលពីប្រមាណជាង ១៥ ឆ្នាំមុន។
ជាក់ស្តែង ត្រលប់ទៅកាលពីអំឡុងឆ្នាំ ២០០៧ អ្នកនាង អ៊ឹម សុគន្ធា គឺជាពិធីការិនី និង ជាតារាបង្ហាញម៉ូដ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ កាលនោះ អ្នកនាងក៏បានចូលរួមសម្តែងបទចម្រៀងកាយវិការជាច្រើនដែរ ជាពិសេសនៅក្នុងផលិតកម្មសាន់ដេ ដែលចាប់ដៃគូនឹងលោក គង់ រ៉ាយុទ្ធ ជាស្វាមីរបស់អ្នកនាង។
ដើរលើវិថីសិល្បៈមួយរយៈ អ្នកនាង អ៊ឹម សុគន្ធា ក៏បានសាងចំណងស្នេហ៍ជាសង្សារនឹងលោក គង់ រ៉ាយុទ្ធ ដែលជាអតីតតារាសម្តែងដូចគ្នា ព្រមទាំងបានភ្ជាប់ពាក្យនឹងគ្នាយ៉ាងស្ងប់ស្ងាត់។ ក្រោយសាងកេរ្តិ៍ឈ្មោះបានមួយរយៈ និង ភ្ជាប់ពាក្យ អ្នកនាង អ៊ឹម សុគន្ធា ក៏បានចាកចេញទៅរស់នៅក្រៅប្រទេសមួយរយៈ និង បានវិលត្រលប់មកវិញដោយបញ្ចប់ភាពនៅលីវរៀបការជាមួយនឹងលោក គង់ រ៉ាយុទ្ធ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១២។ បច្ចុប្បន្ន អតីតតារាប្រុសស្រីមួយគូនេះក៏ទទួលបានចំណងដៃកូនប្រុស ១ នាក់ និង ស្រី ១ នាក់។
ងាកមកកាន់ជីវិតឯកជន ជាមួយនឹងកូនៗឯណោះវិញ កន្លងមកដោយមមាញឹកនឹងការងារច្រើនពេក អ្នកស្រី អ៊ឹម សុគន្ធា ក៏មិនសូវបានបង្ហាញពីកូនៗនៅលើបណ្តាញសង្គមប៉ុន្មាននោះឡើយ។ ដោយឡែក ថ្មីៗនេះ អ្នកស្រី អ៊ឹម សុគន្ធា បង្ហោះរូបភាពជួបជុំគ្រួសារដ៏កក់ក្តៅលើបណ្តាញសង្គមហ្វេសប៊ុក ទទួលបានការចាប់អារម្មណ៍យាងខ្លាំងពីអ្នកគាំទ្រ។
ក្នុងនោះ មហាជនបានលាន់មាត់សរសើរដល់កូនៗរបស់អ្នកស្រី អ៊ឹម សុគន្ធា និង លោក គង់ រ៉ាយុទ្ធ ពិតជាស្រស់ស្អាត ស្រស់សង្ហាកាត់ទៅរបស់ប៉ាម៉ាក់ណាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលចាប់អារម្មណ៍ខ្លាំង គឺកូនប្រុសច្បងរបស់អ្នកស្រី អ៊ឹម សុគន្ធា និង លោក គង់ រ៉ាយុទ្ធ ឈ្មោះថា Ryan មានវ័យត្រឹម ១១ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែមានមុខមាត់ស្រស់សង្ហា រីឯកម្ពស់វិញខ្ពស់ជាងម៉ាក់ៗទៅហើយ៕