កណ្ដុំឆែប! ម្ចាស់ក្រុមហ៊ុនមួយនៅចិនកើតឆ្នាំរោង បដិសេធមិនយកបុគ្គលិកឆ្នាំច ខ្លាចឆុងរកស៊ីមិនទៅមុខ
ថ្មីៗនេះ រឿងរ៉ាវរបស់ម្ចាស់ក្រុមហ៊ុនមួយនៅចិន បានធ្វើឱ្យមហាជនចិនផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីម្ចាស់ក្រុមហ៊ុនមួយនេះបានបដិសេធមិនរើសយកបុគ្គលិកណាដែលកើតឆ្នាំចដាច់ខាត ព្រោះខ្លាចឆុងជាមួយខ្លួនដែលកើតឆ្នាំរោង ឱ្យចូលធ្វើការក្នុងក្រុមហ៊ុនខ្លាចក្រុមហ៊ុនមិនរីកចម្រើនទៅមុខ។
តាមព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនខាងលើនេះជាក្រុមហ៊ុនខ្នាតតូចទាក់ទងនឹងការដឹកជញ្ជូន ហើយមានបុគ្គលិកត្រឹម ១៤ នាក់ប៉ុណ្ណោះ។ ក្រុមហ៊ុននេះក៏បានធ្វើរើសបុគ្គលិកផ្នែករដ្ឋបាលបន្ថែមទៀត ដោយប្រាក់ខែចាប់ពី ៤០០ ទៅ ៥០០ ដុល្លារក្នុងមួយខែ ហើយតម្រូវឱ្យចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រ មានបទពិសោធការងារ ជាពិសេសទៅទៀតនោះគឺមិនមែនកើតឆ្នាំច។
ទាក់ទងនឹងការមិនរើសអ្នកកើតឆ្នាំចនេះ ខាងបុគ្គលិកក្រុមហ៊ុនបានឱ្យដឹងថា ចៅហ្វាយរបស់ខ្លួនគឺជាអ្នកកើតឆ្នាំរោង ហើយតែងតែមានអារម្មណ៍ថាមិនចូលចិត្ត និង មិនត្រូវគ្នាជាមួយនឹងមនុស្សឆ្នាំច ម្យ៉ាងក៏ជឿទៀតថាអាចនាំឱ្យមានមិនល្អកើតឡើងនៅក្នុងក្រុមហ៊ុនបាន។ យ៉ាងណាមិញ បុគ្គលិកបានឱ្យដឹងទៀតថា អ្នកណាដែលមានគុណសម្បត្តិមិនស្របតាមតម្រូវការមិនជាបញ្ហា ក្រុមហ៊ុនអាចគិតគូទទួលបាន តែសុំតែម្យ៉ាងគឺមិនមែនជាអ្នកកើតឆ្នាំច៕