ពីតួកុនកូ-ន..ជ្រូ./ក នាង Shu Qi វិវឌ្ឍន៍ខ្លួនក្លាយជាអ្នកដឹកនាំរឿងលើកដំបូង នៅអាយុ ៥០ ឆ្នាំ
តារាស្រីតៃវ៉ាន់ Shu Qi បានវិវឌ្ឍន៍ខ្លួន កាន់អាជីពមួយថ្មី ជាអ្នកដឹកនាំរឿងជាលើកដំបូងនៅក្នុងវ័យ ៥០ ឆ្នាំ ដោយរឿងដែលនាងដឹកនេះ មានតារាសម្ដែង Qiu Ze ជាតួឯក។
តាមសារព័ត៌មានចិន Setn រឿងថ្មីនេះដែរ គ្រោងនឹងចាប់ផ្ដើមថតនៅតៃវ៉ាន់ នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយចូលរួមសម្ដែងដោយតារាប្រុស Qiu Ze និងតារាចម្រៀងស្រី Tang Yu Yi។ ចំពោះចំណងជើងរឿង ក៏ដូចជាព័ត៌មានលម្អិតនៃរឿងថ្មីនេះដែរ Shu Qi គឺមិនទាន់បានទម្លាយនោះឡើយ គ្រាន់តែដឹងថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ នាងបានសហការជាមួយក្រុមការងារលើបារ៉ូលរឿង ផ្នែក setting និង props។
គួររំឭកផងដែរថា តារាស្រី Shu Qi បានឈានជើងចូលវិស័យសិល្បៈ តាំងពីនាងនៅក្មេងវ័យមកម្ល៉េះ ដោយពេលនោះនាងសម្ដែងក្នុងរឿងប្រភេទក្ដៅសាច់។ មកដល់ពាក់កណ្ដាលឆ្នាំ ១៩៩០ ទេពកោសល្យរបស់នាង ក៏ត្រូវបានអ្នកដឹកនាំរឿងមកពីហុងកុង និងតៃវ៉ាន់ មើលឃើញ រហូតហៅនាងមកសម្ដែងជាតួអង្គឯកប្រចាំរឿងរបស់ពួកគេ។ តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់ Shu Qi ក៏កាន់តែល្បីរន្ទឺរហូតមានអ្នកស្គាល់មកដល់សព្វថ្ងៃ៕