ទប់មិនជាប់! អ្នកដឹកនាំ កៅ សីហា ពន្លះអ្នកធ្វើវីដេអូត្រាប់តាមក្រុមក្មេងទំនើង Cherry ផាំងៗគ្មានសំចៃមាត់
ថ្មីៗនេះ មហាជនច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវរបស់ក្រុមក្មេងៗទំនើង ៥ នាក់ ដែលបានបង្កហិង្សាលើក្មេងស្រីម្នាក់នៅខណ្ឌកំបូល ធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ខ្លាំង និង រឿងរ៉ាវនេះបានក្លាយជាប្រធានបទក្តៅពេញបណ្តាញសង្គម។
ជុំវិញរឿងនេះ កាលពីថ្ងៃ ០៧ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន រក្សា បានសម្រេចចោទប្រកាន់ក្រុមក្មេងទំនើងទាំង ៥ នាក់ ដែលព្រួតគ្នាវាយសិស្សស្រីម្នាក់នៅខណ្ឌកំបូលនោះពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយមានមនុស្សច្រើនក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និង ជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
យ៉ាងណាមិញ ងាកទៅកាន់បណ្តាញសង្គមហ្វេសប៊ុកវិញ កន្លងទៅនេះគេបានកត់សម្គាល់ឃើញមានបុគ្គលមួយចំនួនបានយកសកម្មភាពរបស់ក្រុមក្មេងទំនើង Cherry នោះ មកផលិតជាវីដេអូ និង បង្ហោះពេញបណ្តាញសង្គម ដែលទង្វើនេះបានធ្វើឱ្យលោក កៅ សីហា ជាអ្នកដឹកនាំរឿងល្បីឈ្មោះ បានបង្ហោះសារពាក់ព័ន្ធនឹងរឿងរ៉ាវនេះយ៉ាងក្តៅគគុក។
លោក កៅ សីហា បានរៀបរាប់ថា ៖ «Clip ត្រាប់តាមមី Cherry ណានឹង ល្មមបញ្ចប់ហើយ គ្មានសារអប់រំត្រង់ណាសោះ! វាកាន់តែបង្កើនរូបភាពហិង្សា ពិបាកភ្នែកមើល នាំឱ្យក្មេងៗមួយចំនួនគិតថាវាជាគំរូមួយមិនមានប៉ះពាល់អី ព្រោះវាហាក់ដូចជារឿងកំប្លែងសម្រាប់កម្សាន្តទៅវិញ។ មកដល់ថ្ងៃនេះហើយនៅមានក្រុម មាន Team ចេញមក Clip ថ្មីៗជាហូរហែ»៕