ហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់យុវវ័យ ដោយនៅទីនោះរៀបចំឡើងប្លែកពីហាងកាហ្វេដទៃទៀត មានទីធ្លាធំទូលាយ ប្រកបដោយខ្យល់អាកាសធម្មជាតិ និង មានបរិយាកាសស្រស់ស្រាយបែបស្រុកស្រែ គួរឱ្យចង់ទៅកម្សាន្ត។
ស្ថិតនៅក្នុងភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ «កាហ្វេជ្រុងស្រែ» ជាហាងកាហ្វេបែបថ្មីដែលមានបរិយាកាសប្លែកពីហាងកាហ្វេផ្សេងៗ ដោយសារតែហាងកាហ្វេមួយនេះ បានសង់ឡើងនៅលើផ្ទៃវាលស្រែ មានប្រឡាយទឹករាងការ៉េព័ទ្ធជុំវិញ ជាមួយស្ពានឈើកាច់កោងនៅផ្នែកខាងក្នុង អាចឱ្យប្រិយមិត្តថតរូបលេងកម្សាន្ត អង្គុយអានសៀវភៅ ឬ អង្គុយញ៉ាំកាហ្វេ មើលថ្ងៃលិច ស្រូបយកខ្យល់អាកាសធម្មជាតិដ៏ស្រស់ស្រាយនៅទីនោះ។
អ្វីដែលកាន់តែពិសេសទៀតនោះ ប្រិយមិត្តអាចជិះកាយ៉ាកលេងកម្សាន្តជុំវិញនោះបានផងដែរ ខណៈដែលហាងកាហ្វេមួយនេះ ប្រិយមិត្តចំណាយថវិកាទិញគូប៉ុងក្នុងម្នាក់ត្រឹមតែមួយម៉ឺនរៀលប៉ុណ្ណោះ នឹងអាចប្ដូរបានភេសជ្ជៈចំនួន ១ កែវ និង ជិះកាយ៉ាក Free នៅទីនោះថែមទៀតផង៕
រូបភាព ៖ កាហ្វេជ្រុងស្រែ