ដាច់ចង្កេះ! បង្កើតមកល្បីអស់ ៥០ ឆ្នាំហើយ ទើបធ្លាយថាតុក្កតា Hello Kitty តាមពិតមិនមែនជាសត្វឆ្មា
ប្រិយមិត្តដែលជាអ្នកចូលចិត្ត និងស្រឡាញ់តុក្កតា Hello Kitty តាំងពីដើមមក អាចនឹងទះក្បាលខ្លួនឯងនៅពេលនេះ ក្រោយអ្នកបង្កើតតុក្កតាដ៏ល្បីមួយនេះ ចេញមកទម្លាយរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល។
ក្រុមហ៊ុន Sanrio ដែលជាក្រុមហ៊ុនជប៉ុន បង្កើតតុក្កតា Hello Kitty ឡើង ថ្មីៗកន្លងទៅនេះ បានធ្វើការអបអរខួបគម្រប់ ៥០ ឆ្នាំនៃការលេចវត្តមាន Hello Kitty ឡើង បូករួមទាំងការទម្លាយរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមកនឹកស្មានដល់មួយចំនួនផងដែរ។ តាមក្រុមហ៊ុនបានឱ្យដឹងថា Hello Kitty គឺជាតួអង្គតុក្កតាដ៏ល្បីល្បាញបំផុតមួយលើពិភពលោកនេះ ប៉ុន្តែការពិតនៃតួអង្គនេះនោះ Hello Kitty គឺមិនមែនជាឈ្មោះពិតប្រាកដរបស់តុក្កតានេះឡើយ ហើយនាងក៏មិនមែនជាសត្វឆ្មានោះដែរ Kitty គឺតាមពិតជាក្មេងស្រីម្នាក់។
ថ្លែងប្រាប់សារព័ត៌មាន NBC today លោកស្រី Jill Cook នាយកផ្នែកអាជីវកម្មលក់រាយប្រចាំក្រុមហ៊ុន Sanrio បានរៀបរាប់ថា៖ «Hello Kitty គឺជាក្មេងស្រីតូចម្នាក់ ដែលបានកើត និងចិញ្ចឹមបីបាច់នៅតំបន់ជាយក្រុងឡុងដុង ប្រទេសអង់គ្លេស។ នាងមានម្ដាយ និងឪពុកឈ្មោះ George និង Mary រួមទាំងបងប្អូនស្រីភ្លោះម្នាក់ទៀតឈ្មោះ Mimmy។ ឈ្មោះពិតប្រាកដរបស់នាង គឺ Kitty White ហើយបើទោះជានាងមានត្រចៀកដូចឆ្មាក៏ពិតមែន ប៉ុន្តែនាងជាកូនមនុស្ស មិនមែនឆ្មានោះឡើយ»។
បន្ថែមពីនេះ Kitty តាមពិតក៏មានឆ្មាចិញ្ចឹមរបស់នាងមួយក្បាលផងដែរ ដែលមានឈ្មោះថា Charmmy Kitty ហើយនាងក៏មានមិត្តភក្តិជាច្រើនទៀត រួមទាំងមានមិត្តប្រុសផងដែរ ដោយមិត្តប្រុសនាងឈ្មោះ Dear Daniel។ ចំណង់ចំណូលចិត្តរបស់ Kitty គឺចូលចិត្តដើរលេង និងដុតនំ ហើយនាងក៏មានក្ដីស្រមៃចង់ក្លាយជាអ្នកលេងព្យាណូដ៏ជំនាញ ឬជាកវីនិពន្ធមួយរូប ពេលដែលនាងពេញវ័យ ខណៈសង្សារនាង Daniel ចង់ក្លាយជាអ្នកថតរូបដ៏ជំនាញមួយរូប។
យ៉ាងណាមិញ ក្រោយរឿងរ៉ាវពីក្រោយតួអង្គ Hello Kitty ត្រូវបានខាងក្រុមហ៊ុនទម្លាយមក មហាជនក៏ដូចជាអ្នកគាំទ្រតុក្កតានេះជាច្រើន បាននាំគ្នាផ្ទុះការវែកញែកពាសពេញបណ្ដាញសង្គម ដោយខ្លះនៅតែមិនទាន់ទទួលយកបានថា Hello Kitty ជាកូនមនុស្ស មិនមែនជាឆ្មានោះ៕
ប្រភព៖ Dailymail