(វីដេអូ) កាន់កាំ-ភ្លើ/ងឡើងហំចូលប្លន់ហាងគេ ចៃដន្យប៉ះចំម្ចាស់ហាងខ្លាំងដែរទរវិញមួយចាស់ដៃ ចេះរត់គេចទាន់កុំអីតាយស្មិង
ថ្មីៗនេះ មានករណីចោរស្ទើរភ្លើងម្នាក់នៅប្រទេសរុស្ស៊ីបានកាន់កាំភ្លើងវែងមួយដើមដើរចូលទៅប្លន់ហាងលក់គ្រឿងទេសមួយកន្លែង ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកដោយសារតែចោរភ្លាត់ស្នៀតឱ្យម្ចាស់ហាងទាញកាំភ្លើងចេញពីដៃបានថែមយកដងកាំភ្លើងវាយចោរវិញមួយចាស់ដៃរហូតរត់គេចផះក្រញ៉ាំ។
តាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ករណីមួយនេះដែរកើតមានឡើងនៅវេលាម៉ោងប្រមាណជា ៨ យប់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) នៅភូមិ Yubileiny សង្កាត់ Vershino-Darasunsky នៃតំបន់ TransBaikal ប្រទេសរុស្ស៊ី។ តាមការថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាពក្នុងហាងបានបង្ហាញឱ្យឃើញបុរសម្នាក់ដៃមានកាន់កាំភ្លើងវែងដើរចូលក្នុងហាងខាងលើក្នុងបំណងធ្វើការប្លន់យកប្រាក់។
បុរសជាចោររូបនោះស្លៀកពាក់ក្នុងឈុតពណ៌ខ្មៅ ហើយមុខពាក់ម៉ាស់បិទបាំងកុំឱ្យគេស្គាល់អត្តសញ្ញាណ។ យ៉ាងណាមិញ ត្រឹមពេលប៉ុន្មានវិនាទីក្រោយដើរចូលក្នុងហាង ចោរស្ទើរភ្លើងរូបនោះក៏ស្រាប់តែឃើញរត់ចេញពីហាងទៅវិញក្នុងសភាពភ័យស្លន់ស្លោបំផុត។ តាមឱ្យដឹង ចោររូបនោះត្រូវបានស្ត្រីជាម្ចាស់ហាងចាប់ទាញយកកាំភ្លើងបាន និង ថែមទាំងយកដងកាំភ្លើងនោះវាយមួយចាស់ដៃរហូតរបួសទាំងខ្លួនរបូតទាំងម៉ាស់រត់គេចខ្លួនទៅក្រៅវិញសឹងមិនរួច។ ទោះជាយ៉ាងណាក៏ដោយ ជនល្មើសជាចោរនៅតែត្រូវប៉ូលិសចាប់ក្របួចបានក្រោយរត់គេចមិនបានប៉ុន្មាន និង ត្រូវជាប់ចោទពីបទចោរកម្ម៕