(វីដេអូ) នៅបន្តក្ដៅងំ! ស្ថាបនិកកម្មវិធី MPI លើកឡើងពីការចាកចេញរបស់ ដេត ស្រីនាឌ ច្បាស់ៗថាមកពីខ្វះភាពជឿជាក់
ពិតណាស់ មកទល់ពេលនេះ ដ្បិតតែកម្មវិធីអន្តរជាតិ MPI 2024 បានបញ្ចប់ការប្រកួតដោយរលូនហើយ ប៉ុន្តែជុំវិញរឿងរ៉ាវដែលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ ប្រកាសមិនចូលរួមប្រកួត MPI 2024 បន្ត មុនពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ គឺនៅតែជាប្រធានបទដ៏ក្ដៅគកុកដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបន្តការវែកញែកខ្លាំងទៅលើបវរកញ្ញារូបនេះ។
ជុំវិញរឿងនេះដែរ បើក្រឡេកទៅមើលហ្វេសប៊ុករបស់បវរកញ្ញា ដេត ស្រីនាឌ វិញ ក្រោយពីប្រកាសជូនដំណឹងពហិកាមិនបន្តចូលរួមប្រកួត MPI 2024 បានប៉ុន្មានម៉ោង ក៏បានឃើញនាងលុបការបង្ហោះជូនដំណឹងនោះវិញ ព្រមទាំងមិនបានចេញបកស្រាយពីមូលហេតុនៃការបោះបង់ការប្រកួតកណ្ដាលទីប្រាប់ដល់មហាជនអ្នកគាំទ្រឱ្យបានដឹងច្បាស់ឡើយ។
ដោយឡែក ក្រោយផ្ទុះការវែកញែកខ្លាំងលើបណ្ដាញសង្គមប៉ុន្មានថ្ងៃ មកដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ក៏បានឃើញហ្វេសប៊ុករបស់ កញ្ញា ដេត ស្រីនាឌ ចេញបង្ហោះសារថ្មីមួយ ដោយប្រកាសថានឹងចេញបកស្រាយជុំវិញរឿងរ៉ាវនេះខ្លះៗ ក្រោយពីខាំមាត់សង្កត់ចិត្តយំតែម្នាក់ឯង។
ងាកមកកាន់ស្ថាបនិកកម្មវិធី MPI លោកស្រី Pedro Francisco Marquez ក៏បានធ្វើកិច្ចសម្ភាសមួយ ក្រោយការរកឃើញម្ចាស់មកុដ ពាក់ព័ន្ធនឹង ដេត ស្រីនាឌ ដែលបានចាកចេញពីការប្រកួតអាចមកពីនាងខ្វះភាពជឿជាក់លើខ្លួនឯង។
លោកស្រី Pedro Francisco Marquez បានរៀបរាប់ថា៖ «តាមដែលខ្ញុំគិត យើងមើលទៅគាត់ ប្រហែលជាគាត់គិតថា គាត់មិនអាចជាប់លំដាប់រង ឬតំណែងសំខាន់ៗទេ ទើបគាត់លាលែងតែម្តង។ ខ្ញុំមិនមានផលវិបាកអ្វីទេ មានអ្នកថ្មីចូល ចំពោះខ្ញុំអត់មានផលវិបាកផង ព្រោះយើងដើរដល់នេះ យើងប្រមូលបាន ៦០ ជាងប្រទេស ខ្ញុំជាម្ចាស់ផ្ទះ ខ្ញុំមិនគិតថា ខ្ញុំមិនពិបាករកមនុស្សជំនួសទេ»។
ស្ថាបនិកកម្មវិធី MPI បានបន្តពាក់ព័ន្ធនឹង ដេត ស្រីនាឌ ទៀតថា៖ «រាល់ឆ្នាំសម្រាប់កម្ពុជា លោកស្រីមិនដែលឱ្យកម្ពុជាក្រោមទេ យ៉ាងហោចណាស់ក៏មានអ្វីម្យ៉ាងដែរ ប៉ុន្តែប្រហែលជាគាត់មិនមានភាពជឿជាក់លើខ្លួនគាត់ គឺគាត់ឈប់ដោយសារអត់ជឿជាក់»៕