ម៉ូដសក់ កូនង៉ែត ឬ Baby Hair ចេញមកពីណា? ម៉េចក៏តារាល្បីៗចូលចិត្តម្ល៉េះ?
មកដល់បច្ចុប្បន្ន ម៉ូដសក់ Baby Hair ឬ សក់កូនង៉ែត ដែលជាម៉ូដជើងសក់ទឹករលកនៅតែមានការពេញនិយមខ្លាំងពីសំណាក់យុវវ័យ។ ត្រឹមជើងសក់កួចរលកតិចតួចលើរង្វង់មុខ តែវាមើលទៅទាន់សម័យ និងធ្វើឱ្យមុខកាន់តែមានមន្តស្នេហ៍។ សូម្បីតារាល្បីៗលំដាប់ពិភពលោកដូចជា Rihanna, Beyoncé, Yara Shahidi និង តារាជាច្រើនទៀតរាប់មិនអស់ បានយកម៉ូដសក់នេះមកបង្កើតជាស្ទីលរបស់ខ្លួន រហូតធ្វើឱ្យអ្នកគាំទ្រធ្វើតាមជាហូរហែ។
តាមពិតទៅ ម៉ូដសក់ Baby Hair ឬ សក់កូនង៉ែត មិនមែនទើបតែបង្កើតឡើងឬល្បីល្បាញនាពេលបច្ចុប្បន្ននេះទេ ពោលវាមានប្រវត្តិចេញពីនារីម្នាក់តាំងពីទ.វទី ២០ ម្ល៉េះ។ តើនារីម្នាក់នោះជានរណា? ដើម្បីជ្រាបច្បាស់ «ប្រជាប្រិយ» សូមរៀបរាប់អំពីដំណើរដើមទងដូចតទៅ៖
យោងទៅតាមឫសគល់ដែលចេញផ្សាយពីប្រភពពិត ម៉ូដសក់ Baby Hair ឬ សក់កូនង៉ែត មានដើមកំណើតនៅក្នុងឆ្នាំ ១៩២០ តាមរយៈនារីម្នាក់ឈ្មោះ Josephine Baker ជាជនជាតិអាមេរិកកើតលើទឹកដីបារាំង។ នាង Josephine Baker មានអាជីពជាអ្នករាំ និងតារាចម្រៀង។ នាងបានចាប់ផ្តើមស្ទាយ៌ម៉ូដសក់ Baby Hair មុនគេ ដោយនៅអំឡុងការសម្តែងនៅក្នុងមហោស្រពនៃទីក្រុងប៉ារីស នាងបានធ្វើម៉ូដសក់សិតរលោងជាប់ក្បាល ហើយមានម៉ូដទឹករលកកួចអមនៅជុំវិញរង្វង់មុខ។
អ្នកធ្វើសក់ជនជាតិអង់គ្លេសម្នាក់បានបកស្រាយប្រាប់កាសែត The New York Times ថា ម៉ូដសក់របស់នាងមានលក្ខណៈដូចជាចម្លាក់ មួយផ្នែកៗមិនអាចបំបែកបាន ដោយសារម៉ូដសក់នេះប្រើជែលលាបធ្វើឱ្យរឹងដូចជាក្បាលម៉ានឺកាំង។
ក្រៅពី នាង Josephine Baker ទន្ទឹមគ្នានេះក៏មានតារាចម្រៀងជនជាតិស្បែកខ្មៅសញ្ជាតិអាមេរិកម្នាក់ធ្វើម៉ូដសក់នេះផងដែរ។ នាងត្រូវបានគេស្គាល់ឈ្មោះថា Baby Ester ឬ មានឈ្មោះដើម Esther Lee Jones។ តារាចម្រៀង Baby Ester ត្រូវបានគេយករូបនាងធ្វើជាគំរូបង្កើតតុក្កតា Betty Boop ដែលយើងឃើញនៅលើមុខតុក្កតាមានលេងម៉ូដសក់ស្ទាយ៌ Baby Hair នេះឯង ។ តួអង្គតុក្កតានេះចាប់ផ្តើមបង្ហាញមុខនៅក្នុងឆ្នាំ ១៩៣០ ហើយក៏ល្បីល្បាញម៉ូដសក់មានការចាប់អារម្មណ៍ខ្លាំងនៅជំនាន់នោះ។
មកដល់ឆ្នាំ ១៩៦០ ជនជាតិស្បែកខ្មៅបានធ្វើការប្រឆាំងដើម្បីទាមទារសេរីភាព និងសមភាព ដែលធ្វើឱ្យចលនាសិទ្ធិស៊ីវិលមានការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនៅសហរដ្ឋអាមេរិក។ ជាមួយការអភិវឌ្ឍន៍ពេញលេញទៅលើវិស័យកីឡា ជនជាតិស្បែកខ្មៅបានចាប់ផ្តើមមានភាពក្លាហាន និងលេងខ្លួនពេញទំហឹង។ ស្ត្រីជនជាតិស្បែកខ្មៅបានលេងម៉ូដសក់បែបស្ទីលអាហ្វ្រិកជាមួយការប្រើជែល ហើយម៉ូដសក់ Baby Hair ក៏ចាប់ផ្តើមផ្ទុះឡើងពេញនិយមជាថ្មី។ មកដល់ឆ្នាំ ១៩៩០ ម៉ូដសក់ Baby Hair ត្រូវបានតារាស្រីជនជាតិស្បែកខ្មៅល្បីៗលេងម៉ូដគ្រប់ៗគ្នា ហើយមិនយូរប៉ុន្មានខាងអាមេរិកឡាទីនក៏ចាប់ផ្តើមទទួលយកម៉ូដសក់នេះផងដែរ។
បន្តបន្ទាប់មកដល់សព្វថ្ងៃម៉ូដសក់ Baby Hair ឬ សក់កូនង៉ែត រមែងត្រូវបានតារាល្បីៗជុំវិញពិភពលោកយកមកបង្កើតជាស្ទីលតុបតែងខ្លួនចូលរួមកម្មវិធីផ្សេងៗ រាប់តាំងពីកម្មវិធីកម្រាលព្រំក្រហម កម្មវិធីប្រគល់ពានរង្វាន់អូស្ការ កម្មវិធីបង្ហាញម៉ូដ កម្មវិធីហ្វេហ្សិន រួមទាំងការថតផ្សព្វផ្សាយពាណិជ្ជកម្ម និង ថតឡើងក្របទស្សនាវដ្តីជាដើម។ សិល្បៈនៃការលេងម៉ូដជើងសក់នេះ ក៏ត្រូវបានសិល្បករផាត់មុខ និង ធ្វើសក់ច្នៃប្រតិដ្ឋចេញជាស្ទាយ៌ប្លែកៗបីដូចជាសិល្បៈនៅលើរង្វង់មុខផងដែរ។
អូ! ចុងបញ្ចប់ចង់ប្រាប់ដែរថា ឈ្មោះថា Baby Hair ដែលប្រែថា សក់កូនង៉ែត តាមពិតវាមិនមែនសំដៅដល់សក់ទារកនោះទេ តែវាសម្តៅដល់ម៉ូដសក់របស់នាង Baby Ester ដែលគេហៅកាត់យកឈ្មោះ Baby របស់នាងតែម្តង។ ចុះសម្រាប់ប្រិយមិត្តវិញ តើបានលេងស្ទាយ៌ម៉ូដសក់នេះហើយឬនៅ?៕