ចែកគ្នាដឹង! របស់ ៣ ប្រភេទ ដាច់ខាតមិនគួរដាក់លើទូទឹកកក ព្រោះធ្វើឱ្យទូឆាប់ខូច ហើយស៊ីភ្លើងខ្លាំង
យើងតែសង្កេតឃើញថានៅក្នុងគ្រប់លំនៅដ្ឋានតែងមានដាក់របស់របប្រើប្រាស់ ឬ របស់តុបតែងមួយចំនួននៅលើទូទឹកកក ដោយមិនដឹងថារបស់ទាំងនោះអាចងាយនឹងធ្វើឱ្យទូទឹកកកឆាប់ខូច ឬ ស៊ីភ្លើងឡើយ។ មិនមែនរបស់ទាំងអស់អាចដាក់នៅលើទូទឹកកកបានឡើយ បើអាចចៀសវាងបាន ចូរកុំដាក់របស់ទាំង ៣ នេះ នៅលើទូទឹកកកឱ្យសោះ។
១. កន្សែង ឬ ក្រណាត់
ការដាក់កន្សែងបត់ ឬ ក្រណាត់នៅលើទូទឹកកក អាចធ្វើឱ្យទូទឹកកកមានការពិបាកក្នុងការបញ្ចេញកម្តៅ ដូច្នេះហើយវានឹងប្រើថាមពលកាន់តែខ្លាំង ធ្វើឱ្យស៊ីភ្លើងជាងធម្មតា។ បើសិនជាទូទឹកកកប្រើថាមពលកាន់តែខ្លាំង នោះក៏នឹងធ្វើឱ្យវាមានគុណភាពឆាប់អន់ថយផងដែរ។
២. គ្រឿងប្រើប្រាស់អគ្គិសនី
ការដាក់គ្រឿងប្រើប្រាស់អគ្គិសនីផ្សេងៗនៅលើទូទឹកកកដូចជា មៃក្រូវ៉េវ ម៉ាស៊ីនគាបនំប៉័ង ម៉ាស៊ីនបំពង ជាដើម វាអាចនឹងធ្វើឱ្យមានការប៉ះពាល់ដល់គុណភាពនៃការប្រើប្រាស់រវាងគ្នាទៅវិញទៅមក ជាពិសេសនោះវាក៏អាចបង្កជាគ្រោះថ្នាក់មួយចំនួនផងដែរ។ លើសពីនេះទៅទៀត របស់ទាំងនោះអាចនិយាយបានថាសុទ្ធតែជារបស់ធ្ងន់ ទើបវាក៏ប៉ះពាល់ទៅការបញ្ចេញកម្តៅរបស់ទូទឹកកកដូចគ្នា ដូច្នេះហើយចៀសមិនផុតពីការស៊ីភ្លើងនោះទេ។
៣. ថូផ្កា ឬ ថូរុក្ខជាតិ
ការដាក់ថូផ្កា ឬ ថូរុក្ខជាតិនៅលើទូទឹកកក អាចនិយាយបានថាជាការលម្អ ប៉ុន្តែទម្ងន់របស់វាពិតជាអាចធ្វើឱ្យប៉ះពាល់ដល់គុណភាព និង ដំណើរការរបស់ទូទឹកកកបាន។ ទន្ទឹមនឹងនេះ ការស្រោចទឹករុក្ខជាតិនៅលើនោះ អាចបង្កឱ្យទៅជាសំណើមដែលអាចធ្វើឱ្យទូទឹកកកឆាប់កើតច្រែះ នៅពេលដែលច្រេះកើតឡើង វាមិនត្រឹមតែប៉ះពាល់ដល់ភាពត្រជាក់នៃទូទឹកកកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលឱ្យទូទឹកកកដំណើរការខុសប្រក្រតីផងដែរ។ លើសពីនេះទៀត រុក្ខជាតិអាចទាក់ទាញសត្វល្អិតឱ្យចូលទៅក្នុងទូទឹកកក ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់អាហារដែលនៅក្នុងនោះបាន៕