១០ ឆ្នាំហើយ Moses Chan ទើបបានសម្ដែងជាមួយប្រពន្ធម្ដងទៀត ស្រាប់តែត្រូវកូនៗប្រឆាំងទៅវិញ
គូស្នេហ៍តារាហុងកុង នាង Aimee Chan និងស្វាមី Moses Chan ដែលបង្ហាញវត្តមានក្នុងខ្សែភាពយន្តថ្មីរួមគ្នាជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំមកនេះ ថ្មីៗនេះ បានអញ្ជើញចូលរួមពិធីបើកថតខ្សែភាពយន្តថ្មីរបស់ពួកគេដែលមានចំណងជើងថា «Romeo And His Butterfly Lover»។
ខ្សែភាពយន្តថ្មីនេះដែរ ក៏ជាខ្សែភាពយន្តដំបូងដែល Aimee ទទួលខ្លួនថតក្នុងរយៈពេល ៨ ឆ្នាំមកនេះ ក្រោយពេលរូបនាងផ្អាកការងារ មកផ្ដោតលើការមើលថែទាំកូនៗទាំង ៣ នាក់របស់នាង។
ដោយឡែក Aimee បានទម្លាយថា ក្រៅពីពិបាកក្នុងការចូលខ្លួនសម្ដែងជាមួយស្វាមីជាថ្មីម្ដងទៀតនោះ នាងក៏មានឧបសគ្គដ៏ធំមួយដែលរារាំងមិនចង់ឱ្យនាងចូលប្រឡូកក្នុងវិស័យសម្ដែងវិញនោះដែរ។
អំឡុងពេលចូលរួមពិធីសែនបើកដំណើរការថតភាពយន្ត Aimee បានទម្លាយថា កូនៗទាំង ៣ របស់នាង គឺពិតជាប្រឆាំងនឹងការសម្រេចចិត្តចូលសម្ដែងរឿងវិញរបស់នាងនេះណាស់។ នាងបានរៀបរាប់ថា ៖ «ពួកគេគឺមិនចូលចិត្តនោះទេ ពួកគេថែមទាំងប្រាប់ប៉ាគេឱ្យទៅធ្វើការងារម្នាក់ឯងទៅ ទុកឱ្យម៉ាក់នៅផ្ទះ។ កូនប្រុសទី ២ របស់ខ្ញុំថែមទាំងបាននិយាយទៀតថា “ម៉ាក់! ពេលខ្ញុំមកដល់ផ្ទះវិញ ខ្ញុំចង់ឃើញម៉ាក់នៅផ្ទះបាយ”»។
ក្រោយឭភរិយាទម្លាយបែបនេះ តារាសម្ដែង Moses Chan ក៏បាននិយាយលេងសើចដែរថា ៖ «ពួកគេបុរាណណាស់ ពួកគេបានចរិតបុរាណនេះ កាត់តាមខ្ញុំ»៕