ចែកគ្នាដឹង! ថ្ងៃសែនដកជើងធូប គួរសែនរណ្ដាប់ទាំងនេះ បានផលត្រឹមត្រូវតាមក្បួនហុងស៊ុយ
ថ្ងៃសែនដកជើងធូប នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ ខណៈវាជាថ្ងៃដែល បងប្អូនប្រជាជនចិន ឬ បងប្អូនសែស្រឡាយខ្មែរកាត់ចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិន រយៈពេល ៥ ថ្ងៃទៅ ៦ ថ្ងៃ។
ចំពោះការសែននេះទៀតសោត តាមរយៈគណនីមួយដែលមានឈ្មោះ LY Hongmei បានចែករំលែកពីរបៀបសែនងាយៗ ស្រួលៗ ព្រមទាំងបញ្ជាក់ពីគ្រឿងរណ្ដាប់សម្រាប់សែនព្រេន ដើម្បីបានផលត្រឹមត្រូវតាមក្បួនហុងស៊ុយដូចខាងក្រោម ៖
១. គ្រឿងសែន ៖
សែនទេវតាមុខផ្ទះ
១. តែក្ដៅ ៣ កែវ
២. ស្រា-ស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រា-ស )
៣. សាស៊ែ ១ ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព
៤. ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក )
៥. ស្ករគ្រាប់ ១ កូនចាន
៦. ទៀនក្រហម ១ គូ
៧. អុចធូបម្នាក់ ៣ សរសៃ
៨. ក្រដាសសែនទេវតាមុខផ្ទះពិសេស ១ ឈុត
សែនទេវតាជំនាងផ្ទះ
១. តែក្ដៅ ៥ កែវ
២. ស្រា-ស ៥ កែវ
៣. សាស៊ែ ១ ឈុត (មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព
៤. ជ្រូកខ្វៃ ១ ក្បាល ( បើមានលទ្ធភាព ហាមជ្រូកកណ្ដុរ ឬ ជ្រូកប្រលាក់គ្រឿងហិលៗ)
៥. ផ្លែឈើ ៥ មុខ ( ប៉ោម សារី ក្រូចខ្វិច ស្រកានាគ និងចេក )
៦. ស្ករគ្រាប់ ១ កូនចាន
៧. ទៀនក្រហម ១ គូ (អាចប្រើទៀនចាស់ដែលនៅសល់បាន)
៨. ធូបម្នាក់ ៥ សរសៃ
៩. ឈុតក្រដាសសែនជំនាងផ្ទះពិសេស រៀបចំដោយលោកគ្រូ អាចរកជាវពីលោកគ្រូបាន
សែនទេវតា ចង្ក្រាន
១. តែក្ដៅ ៣ កែវ
២. ស្រា-ស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស )
៣. សាស៊ែ ១ ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព
៤. ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក )
៥. ស្ករគ្រាប់ ១ កូនចាន
៦. ទៀនក្រហម ១ គូ
៧. អុចធូបម្នាក់ ៣ សរសៃរ
៨. ក្រដាសសែនទេវតាចង្ក្រាន ពិសេស ១ ឈុត
២. ម៉ោងសែន ត្រឹមត្រូវតាមធាតុនៃទិសមុខផ្ទះរបស់អ្នក ៖
សែននៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ ម៉ោងសែនល្អ៖
– សម្រាប់ផ្ទះបែរទៅកើត សែនម៉ោង 06:51 នាទីព្រឹក
– សម្រាប់ផ្ទះបែរទៅលិច សែនម៉ោង 07:11 នាទីព្រឹក
– សម្រាប់ផ្ទះបែរទៅត្បូង សែនម៉ោង 07:35 នាទីព្រឹក
– សម្រាប់ផ្ទះបែរទៅជើង សែនម៉ោង 07:03 នាទីព្រឹក
– សម្រាប់ផ្ទះបែរកើត/ត្បូង សែនម៉ោង 06:51 នាទីព្រឹក
– សម្រាប់ផ្ទះបែរកើត/ជើង សែនម៉ោង 07:14 នាទីព្រឹក
– សម្រាប់ផ្ទះបែរលិច/ត្បូង សែនម៉ោង 07:14នាទីព្រឹក
– សម្រាប់ផ្ទះបែរលិច/ជើង សែនម៉ោង 07:11 នាទីព្រឹក
៣. ពេលវេលាចាប់ផ្ដើមសម្អាត និង ដកជើងធូប
គឺម៉ោងណាក៏បានដែរ កុំឱ្យហួសថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ គឺជារឿងល្អបំផុត
ការសម្អាត គឺចាប់ផ្ដើមសម្អាតពីទីតាំងខាងក្រោម ៖
ទីតាំងទី ១ ៖ ទេវតាមុខផ្ទះ
ទីតាំងទី ២ ៖ ទេវតាយាមផ្ទះ
ទីតាំងទី ៣ ៖ ទេវតាជំនាងផ្ទះ
ទីតាំងទី ៤ ៖ កន្លែងកុងម៉ា កន្លែងទេវតាផ្សេងៗ
ទីតាំងទី ៥ ៖ ទេវតាចង្ក្រាន
ដោយឡែក ចំពោះគ្រឿងដែលត្រូវប្ដូរចេញមានដូចជា ផេះក្នុងកំប៉ុងជើងធូប គីមហួយ កំណល់ជើងធូប ឬ កំណល់លោកតា និង អំពូលក្រហម ឬ អំពូលម្ទេស។ គ្រឿងដែលដោះដូរទាំងនេះ និង ជើងធូបចាស់ៗ លើកលែងតែអំពូលក្រហម ឬ អំពូលម្ទេស ក្នុងឆ្នាំ ២០២២ នេះ គឺមិនគួរយកទៅចោលនៅក្នុងទឹកទន្លេនោះទេ ក្នុងឆ្នាំ ២០២២ នេះ គឺត្រូវដុតដោយភ្លើង ដោយដុតនៅចន្លោះម៉ោង 6៖46 យប់ ដល់ម៉ោង 7៖35 នាទី។
បន្ថែមលើសពីនេះ ចាប់ពីថ្ងៃសែនដកជើងធូបនេះ រហូតដល់ថ្ងៃសែនចូលឆ្នាំចិន មិនចាំបាច់អុចធូបនោះទេ ព្រោះមិនមានទេវតាស្នាក់នៅទេ គឺទេវតាឡើងឋានសួគ៌អស់ តាំងពីពេលអស់ធូបម៉្លេះ។ គ្រឿងសំណែនដែលសែននោះ ក៏អាចលើកឡើងបានដូចគ្នា មិនបាច់ទុកនោះទេ៕
ប្រភព៖ LY Hongmei