ក្ដៅគគុក! Han So Hee ត្រូវគេសង្ស័យថាបង្កើតគណនីក្លែងក្លាយទុកនិយាយរឿងមិនល្អដាក់ Hyeri ក្រោយបញ្ចប់ជម្លោះស្នេហាត្រីកោណ
នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ នេះ មហាជនក្នុងប្រទេសកូរ៉េកំពុងផ្ទុះការវែកញែកយ៉ាងក្ដៅគគុក ខណៈតារាសម្ដែងស្រីរូបស្រស់ Han So Hee ត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់គណនីក្លែងក្លាយមួយដើម្បីនិយាយវាយប្រហារលើតារាសម្ដែងស្រី Hyeri តាមបណ្ដាញសង្គម។
ជាក់ស្ដែង មហាជនកូរ៉េបានរកឃើញគណនី Instagram មួយឈ្មោះ @catsaretheavenfers ដែលគណនីមួយនេះជាញឹកញាប់តែងតែបញ្ចេញមតិមិនល្អជាច្រើនលើតារាស្រី Hyeri និង បានលើកសរសើរ Han So Hee ក្រោមការបង្ហោះរបស់ Hyeri តាំងពីខែមេសាមកម្ល៉េះ។ ក្រោយការតាមដានពិនិត្យមើលទៅ មហាជនបានរកឃើញថា Han So Hee បានបង្ហោះរូបភាពមួយសន្លឹកដូចទៅនឹងរូប profile របស់គណនី @catsaretheavenfers។ មិនត្រឹមតែប៉ុណ្ណឹងទេ មហាជនក៏រកឃើញថា ក្នុងចំណៅមអ្នកដែលតារាសម្ដែងស្រី Jeon Jong Seo ចុចតាមដានលើ IG ក៏មានគណនី @catsaretheavenfers នេះផងដែរ។
ប្រិយមិត្តអ្នកគាំទ្រតារានៅកូរ៉េមួយចំនួនអាចនឹងបានដឹងមកហើយថា តារាសម្ដែងស្រី Jeon Jong Seo ថ្មីៗនេះគឺមានភាពជិតស្និទ្ធនឹងតារាស្រី Han So Hee ខ្លាំង ហើយអ្វីដែលមហាជនកត់សម្គាល់នោះគឺថា Jeon Jong Seo បានចុចតាមដាន Han So Hee លើ IG នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ហើយនៅរសៀលថ្ងៃដដែលនោះ នាងក៏បានចុចតាមដានគណនី @catsaretheavenfers ផងដែរ។ បន្ថែមពីនេះ មហាជនកូរ៉េក៏រកឃើញថា Stylist របស់ Han So Hee ក៏បានចុចតាមដានគណនី @catsaretheavenfers នេះដូចគ្នា ដែលជាហេតុធ្វើឱ្យមហាជនកាន់តែជឿជាក់ថា ម្ចាស់គណនី @catsaretheavenfers នេះគឺជា Han So Hee ផ្ទាល់។
ខណៈរឿងមួយនេះកំពុងក្ដៅគគុក ខាងសារព័ត៌មាននៅកូរ៉េក៏បានទាក់ទងទៅខាងតារាសម្ដែងស្រី Jeon Jong Seo ភ្លាមៗផងដែរ ប៉ុន្តែខាងក្រុមហ៊ុនរបស់នាងបានបដិសេធមិនឆ្លើយតបជុំវិញរឿងហេតុមួយនេះនោះឡើយ។ ដោយឡែកចំពោះតារាសម្ដែងស្រី Han So Hee វិញ ខាងក្រុមហ៊ុនរបស់នាងបានចេញមកបដិសេធថា គណនីក្លែងក្លាយដែលកំពុងផ្ទុះការវែកញែកនេះ គឺមិនមែនជារបស់នាងអ្នកកាន់នោះឡើយ។
គួររំឭកថា កាលពីខែមីនា ឆ្នាំ ២០២៣ កន្លងទៅ រឿងរ៉ាវស្នេហាត្រីកោណរវាងតារាសម្ដែងស្រី Hyeri, Han So Hee និង តារាប្រុស Ryu Jun Yeol បានក្លាយជាប្រធានបទដ៏ក្ដៅគគុកកក្រើកវិស័យសិល្បៈកូរ៉េ។ យ៉ាងណាមិញ រឿងរ៉ាវមួយនេះហាក់ស្ងប់ស្ងាត់ទៅវិញក្រោយតារាសម្ដែងស្រី Han So Hee បានប្រកាសចែកផ្លូវជាមួយសង្សារថ្មីថ្មោងនេះ ក្រោយរងការរិះគន់ដូចព្យុះជុំវិញទំនាក់ទំនងស្នេហារបស់ពួកគេ៕