អស្ចារ្យណាស់! ពេលវេលា ១២ វិនាទីរាប់ថយក្រោយ ក្នុងព្រឹត្តិការណ៍បើកអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ មហាជនរំភើបចិត្តខ្លាំង
នៅល្ងាចថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ នេះ ពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានប្រារព្ធធ្វើឡើងហើយ។
ដំណើរនៃការបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានធ្វើឱ្យមហាជនចូលរួមទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង តាមការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ព្រមទាំងបណ្តាញសង្គមហ្វេសប៊ុក មានក្តីរំភើបចិត្តយ៉ាងខ្លាំង ព្រោះមានផ្ទាំងទស្សនីយភាពល្អអស្ចារ្យជាច្រើនបានបង្ហាញ។
ជាក់ស្ដែង មុនកម្មវិធីធំៗមួយចំនួនចាប់ផ្ដើមបង្ហាញ ក៏ឃើញមានកម្មវិធីរាប់ថយក្រោយ ១២ វិនាទី ផងដែរ ដោយការរាប់ថយក្រោយមុនឈានដល់ការបើកព្រឹត្តិការណ៍ជាផ្លូវការនេះដែរ បានធ្វើឱ្យមហាជនមិនថាអ្នកដែលចូលរួមផ្ទាល់ ឬ អ្នកទស្សនាតាមគេហដ្ឋាននោះទេអររំភើប ព្រោះថានេះជាព្រឹត្តិការណ៍មួយដែលអស្ចារ្យបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល។
ជាមួយគ្នានោះដែរ ផ្ទាំងទស្សនីយភាពនៃការរាប់ថយក្រោយ ១២ វិនាទី នេះ ក៏ជាតំណាងនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ១២ ផងដែរ។ លើសពីនោះ អមនឹងសន្ធឹកស្រែករាប់ពីអ្នកចូលរួមក្នុងពហុកីឡដ្ឋាន អមជាមួយអំពូលភ្លើងលោតថយក្រោយជាលេខ មើលទៅគឺពិតជាស្អាតទាក់ភ្នែក អស្ចារ្យពោរពេញដោយមោទកភាពខ្លាំងបំផុត៕