ក្ដៅជាងសប្ដាហ៍មុនៗ! សុធារិទ្ធ ប៉ះសម្តីខ្លាំងៗនឹង រស្មី តែចុងក្រោយនៅតែអាចនាំក្រុមឡើងទៅតំបន់សុវត្ថិភាព
កាលពីរាត្រីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធី MasterChef រដូវកាលទី ៣ បានឈានមកដល់សប្តាហ៍ទី ១៨ ហើយ ដោយសប្តាហ៍នេះ កំពូលបេក្ខជន Top 10 បានប៉ះគ្នាយ៉ាងក្តៅគគុកក្នុងចង្ក្រាន្តបាយ MasterChef ហើយសប្តាហ៍នេះ បេក្ខជន ដែលត្រូវចាកចេញគឺ ផល វណ្ណី។
ដោយឡែក វគ្គជម្រុះដំបូងនៃកម្មវិធីស្វែងរកបេក្ខជន ឡើងទៅតំបន់សុវត្ថិភាពនោះ គណៈកម្មការទាំង ៣ បានដាក់វិញ្ញាសាច្នៃប្រតិដ្ឋទៅកាន់បេក្ខជនទាំង ១០ រូប ដោយយកត្រីសាល់ម៉ុន មកធ្វើជាម្ហូបគោល។ ក្នុងនោះ បេក្ខជនទាំង ១០ ត្រូវបែងចែកជា ២ ក្រុម គឺក្រុមក្រហម មានបេក្ខជន សុធារិទ្ធ ជាប្រធានក្រុម និង ក្រុមខៀវ មានលោក សំអន ជាប្រធានក្រុម។
ងាកទៅកាន់ក្រុមក្រហម ដែលជាក្រុមត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ ដោយមានកំលោះសង្ហា សុធារិទ្ធ ជាប្រធានក្រុមវិញ គឺធ្វើឱ្យអ្នកទស្សនាវែកញែកស្របគ្នាកំពុងកម្មវិធីចាក់ផ្សាយផងនោះ ដោយសប្តាហ៍នេះ លោកបានជ្រើសរើសកូនក្រុមដូចជា កញ្ញា ម៉ាលីន, សុភក្ត្រ, រស្មី និក លោក វីល្លៀម។
ជាក់ស្តែង ការប្រកួតជាក្រុមសប្តាហ៍នេះរបស់លោក សុធារិទ្ធ បានប៉ះទង្គិចគ្នាខ្លាំងនឹងអ្នកនាង រស្មី តាមរយៈការខ្វែងគំនិតគ្នាខ្លះៗក្នុងការចម្អិនម្ហូប។ ក្នុងនោះ ការប៉ះសម្តីគ្នាក្នុងចង្ក្រាន្តបាយរបស់ សុធារិទ្ធ និង រស្មី រហូតធ្វើឱ្យ Chef ណារ៉ា លាន់មាត់ថា ដូចចង់ឈឺក្បាល ព្រោះឮបេក្ខជន ២ នាក់ នេះ ប្រកែកគ្នា។
យ៉ាងណាក៏ដោយ បើទោះជាមានការចម្រូងចម្រាស់ពាក្យសម្តី ខ្វែងគំនិតគ្នាបន្តិចមែន ទីបំផុតក្រុមក្រហមរបស់លោក សុធារិទ្ធ បាននាំសមាជិកក្រុមឡើងទៅតំបន់សុវត្ថិភាព ដើម្បីឈានទៅប្រកួតសប្តាហ៍ក្រោយបាន៕