ជីវិតផុយស្រួយ! តារាសម្ដែងបរទេសម្នាក់ កំពុងអង្គុយហាត់ Yoga លើផ្ទាំងថ្ម បែរជាអកុសលត្រូវរលកបោកចូលសមុទ្របាត់បង់ជី.វិ-ត
កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ តារាសម្ដែងសញ្ជាតិរុស្ស៊ីម្នាក់បានជួបគ្រោះដ៏រន្ធត់ខណៈពេលរូបនាងកំពុងហាត់ Yoga លើផ្ទាំងថ្មនៅកោះសាម៉ុយ ប្រទេសថៃ ដោយរូបនាងត្រូវបានទឹករលកបោកចូលទៅក្នុងសមុទ្រភ្លាមៗរហូតឆក់យកអាយុជីវិតនាង បើទោះជាក្រុមការងារស្ទុះស្ទាទៅជួយយ៉ាងណាក៏ដោយ។
តាមព័ត៌មានបានឱ្យដឹងថា តារាស្រីជាជនរងគ្រោះរូបនោះមានឈ្មោះ Kamilla Belyatskaya អាយុ ២៤ ឆ្នាំ មកពីក្រុង Novosibirsk ប្រទេសរុស្ស៊ី។ ក្នុងថ្ងៃកើតហេតុ នាងបានទៅទីតាំង Lad Ko View Point នៅកោះសាម៉ុយនោះ ដោយនាងបានទៅជាមួយមិត្តប្រុសរបស់នាង ហើយតែងតែឡើងចុះកោះនេះជាញឹកញាប់។ មុនគ្រោះអកុសលកើតមានឡើង នាង Kamilla ក៏បានធ្វើការបង្ហោះរូបភាព និង សារលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងរៀបរាប់ពីក្ដីស្រឡាញ់ចំពោះកោះនោះដែរថា៖ «ខ្ញុំស្រឡាញ់កោះសាម៉ុយខ្លាំងណាស់។ ទីកន្លែងនេះ ឆ្នេរដែលពោរពេញដោយផ្ទាំងថ្មនេះគឺជាទិដ្ឋភាពដ៏អស្ចារ្យបំផុតដែលខ្ញុំបានឃើញក្នុងជីវិតមួយនេះ។ អរគុណចក្រវាលមួយនេះដែលអាចឱ្យខ្ញុំមកដល់កន្លែងនេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់»។
Kamilla បានធ្វើដំណើរទៅជិត View Point យកកម្រាល Yoga ពណ៌ផ្កាឈូករបស់នាងចេញពីឡាន ឡើងទៅផ្ទាំងថ្មក្បែរនោះ។ នាងអង្គុយលើកម្រាល Yoga នោះដោយចិត្តស្រស់ថ្លារីករាយ ប៉ុន្តែមិនយូរប៉ុន្មានរលកសមុទ្រក៏ចាប់ផ្ដើមបោកបក់ខ្លាំងឡើងៗ រហូតបោកទម្លាក់នាងពីផ្ទាំងថ្មចូលសមុទ្រ។ ភ្លាមៗអ្នកដំណើរក្បែរនោះក៏បានលោតចុះទៅជួយនាងផងដែរ ប៉ុន្តែនៅតែមិនបានជោគជ័យ និង ថែមទាំងត្រូវសមុទ្រទាញយកទៅបាត់ខ្លួនដូចគ្នា។ ក្រោយហេតុការណ៍ត្រឹម ១៥ នាទី ក្រុមសង្គ្រោះក៏បានចុះទៅដល់ ប៉ុន្តែដោយសារតែទឹកសមុទ្របោកបក់ខ្លាំងពេកធ្វើឱ្យប៉ូលិសក្នុងតំបន់ពិបាកក្នុងការសង្គ្រោះជនរងគ្រោះជាខ្លាំង៕