(វីដេអូ) អ្នកគាំទ្រកំពុងចាំអ៊ុតមើល ក្រោយឃើញសំអាងការមួយបង្ហោះថា ម៉ាលីន និង ដាឡែត មានដំណឹងល្អថ្ងៃស្អែក
អ្នកគាំទ្រនិយមតាមដានទស្សនាកម្មវិធី Master Chef Cambodia រដូវកាលទី ៣ ច្បាស់ណាស់មិនត្រឹមតែជក់ចិត្តនឹងការប្រកួតដ៏ក្តៅគគុករបស់បេក្ខជនក្នុងចង្ក្រានបាយ MasterChef ប៉ុណ្ណោះទេ ប៉ុន្តែគ្រប់គ្នាក៏បានចាប់ក្រសែភ្នែកនឹងជីវិតឯកជនរបស់បេក្ខជនគ្រប់គ្នាផងដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺទំនាក់ទំនងរវាងបេក្ខជន ២ រូប គឺកញ្ញា ឆៃ តារាម៉ាលីន និង លោក ចៅ ដាឡែត ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គេសង្កេតឃើញមិនថាតែនៅក្រៅការប្រកួតនោះទេ តែសូម្បីតែក្នុងការប្រកួតក៏មួយគូនេះពិតជាយកចិត្តទុកដាក់ និង បារម្ភពីគ្នាណាស់។
ដោយឡែក ថ្មីៗនេះ អ្នកគាំទ្រ កញ្ញា ឆៃ តារាម៉ាលីន និង លោក ចៅ ដាឡែត កំពុងមានការភ្ញាក់ផ្អើលទៀតហើយ ក្រោយឃើញសំអាងការមួយបានបង្ហោះរូបភាព និង អមនូវពាក្យមួយឃ្លាថា ៖ «អរគុណច្រើនប្អូនៗទាំង ២ នាក់ សម្រាប់ថ្ងៃពិសេស។ ជួបគ្នាថ្ងៃស្អែក»។
ជាមួយគ្នានោះ អ្នកគាំទ្រហាក់មានអារម្មណ៍រំភើបអរផងដែរ បន្ទាប់ពីបានឃើញការបង្ហោះសាររបស់សំអាងការខាងលើ ដោយក្នុងនោះដែរខ្លះគិតថាបេក្ខជនទាំង ២ ជិតដល់ថ្ងៃពិសេស ហើយខ្លះទៀតគិតថាអាចជាការថតសំអាងការក៏ថាបាន។
យ៉ាងណាមិញ ក្រោយពីមានអ្នកសួរនាំថាជាការពិតឬទេ ដែលអ្នកទាំងថតរូបសម្រាប់ថ្ងៃពិសេសនោះ? ស្រាប់តែសាមីខ្លួនខាងស្រី គឺកញ្ញា ឆៃ តារាម៉ាលីន បានឆ្លើយថា ៖ «អត់ដឹងទេ!»។ ដូច្នេះមានតែរង់ចាំតាមដានបន្តថា តើជាការពិត ឬ គ្រាន់តែជាការថតសំអាងការ?