(វីដេអូ) រស្មី ធ្វើឱ្យមិត្តរួមក្រុមប្លែកចិត្ត សប្ដាហ៍នេះស្លូតបូត ចេះស្ដាប់យោបល់កូនក្រុម ក្លាយជាក្មេងតូចគួរឱ្យស្រឡាញ់
អ្នកគាំទ្រតាមដានកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានស្គាល់ហើយពីបេក្ខនារី កែវ វង្សច័ន្ទរស្មី ជាអ្នកខេត្តព្រៃវែង ដែលជាបេក្ខនារីដ៏ឆ្នើមមួយរូបនៃកម្មវិធីមានសមត្ថភាពខ្លាំងក្នុងការចម្អិនម្ហូប។
ក្រៅពីទទួលបានការចាប់អារម្មណ៍ចំពោះស្នាដៃធ្វើម្ហូបដ៏ពូកែ បេក្ខនារី រស្មី ក៏ត្រូវបានមហាជនលើកយកមកវែកញែកជារៀងរាល់សប្តាហ៍ ក្រោយពេលកម្មវិធី MasterChef Cambodia ចាក់បញ្ចាំងចប់ ទាក់ទងនឹងអត្តចរិត កាច ឆ្នាស់ឆ្នើម ពាក្យសម្ដីមុតៗរបស់នាងក្នុងពេលប្រកួតពីមួយវគ្គទៅមួយវគ្គ។
មកដល់សប្ដាហ៍ទី ១៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៣ នាថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ជាសប្ដាហ៍ដែលកម្មវិធីតម្រូវឱ្យបេក្ខនារី រស្មី និង បញ្ញា ធ្វើការដឹកនាំក្រុមដើម្បីប្រកួតដណ្ដើមអៀមសរបស់ខ្លួនមកវិញ ដែលក្នុងនោះ រស្មី បានដឹកនាំក្រុមខៀវ រីឯ បញ្ញា ដឹកនាំក្រុមក្រហម។
ក្នុងវគ្គប្រកួតជាក្រុមក្នុងសប្ដាហ៍ទី ១៦ នេះដែរ បើក្រឡេកទៅមើលការបញ្ចេញសមត្ថភាពនៃការដឹកនាំក្រុមរបស់បេក្ខនារី កែវ វង្សច័ន្ទរស្មី ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងពីអត្តចរិតរបស់នាងហាក់ផ្លាស់ប្ដូរប្លែកពីសប្ដាហ៍កន្លងមក សូម្បីបេក្ខជនដទៃទៀត ដូចជាលោក បញ្ញា និង បេក្ខជន លីនដា ក៏សរសើរថានាងស្លូតជាងមុន ចេះស្ដាប់អ្នកដទៃច្រើន មិនសូវចចេសដូចវគ្គមុនៗ ចេះបែងចែកសហការដឹកនាំក្រុមបានល្អ រហូតអាចយកឈ្នះក្រុមក្រហម និង ដណ្ដើមយកអៀមសរបស់ខ្លួនត្រឡប់មកវិញដើម្បីបន្តជាមួយកម្មវិធីទៀតផង៕