កូនឈឺប្រកាច់មួយថ្ងៃ ១២០ ដង ម្តាយភ័យខំយកទៅពេទ្យ ស្រាប់តែពេទ្យប្រាប់ថាមកពីមើល TikTok ច្រើនពេក
ថ្មីៗនេះ សារព័ត៌មាន Daily Mail បានរាយការណ៍ពីរឿងរ៉ាវរបស់ក្មេងស្រីម្នាក់ ដែលកើតជំងឺចម្លែកប្រកាច់ ១២០ ក្នុងមួយថ្ងៃ ម្តាយភ័យស្លន់យកទៅឱ្យពេទ្យពិនិត្យ តែពេទ្យប្រាប់ថាមកពីមើល TikTok ច្រើនពេក។
តាមស្ត្រីជាម្តាយវ័យ ៤៩ ឆ្នាំ បានឱ្យដឹងថា កូនស្រីរបស់នាងមានឈ្មោះ Jessica មានអាយុ ១៥ ឆ្នាំ ហើយគេចាប់ផ្តើមមានអាការប្លែកតាំងពីឆ្នាំអាយុ ១២ ឆ្នាំមកម្ល៉េះ។ កាលនោះគេមានអាការដូចជាមិនអាចអង្គុយនៅស្ងៀមបាន ហើយនិយាយប្លែកៗ រួចក៏ប្រកាច់ រហូតក្នុងមួយថ្ងៃជាង ១២០ ដងក៏មាន។ ស្រ្តីជាម្តាយកើតការព្រួយបារម្ភខ្លាំងណាស់ ហើយក៏បានប្រញាប់យកកូនទៅមន្ទីរពេទ្យ ដែលគ្រូពេទ្យបានប្រាប់ថា មូលហេតុអាចមកពីកូននាងមើលបណ្តាញ TikTok ច្រើនពេក ឬ អាចធ្វើត្រាប់តាមវីដេអូដែលគេឃើញទៀតផង។
ដំបូងឡើយស្រ្តីជាម្តាយក៏សង្ស័យដូច្នេះដែរ ព្រោះកាលនៅឆ្នាំ ២០២១ នោះ មានការបិទ Lockdown ដោយសារតែជំងឺកូវីដ ទើបធ្វើឱ្យកូនរបស់នាងនៅតែផ្ទះ និង មើល TikTok ជាប្រចាំ។ ដោយឡែក បន្តទៀតនាងមិនអស់ចិត្តឡើយ ក៏បានព្យាយាមរកមន្ទីរពេទ្យផ្សេងទៀត ចុងក្រោយទើបដឹងថាកូនរបស់នាងមានជំងឺ PANDAS ជាជំងឺផ្លូវចិត្តរបស់កុមារ ដែលបណ្តាលមកពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំមិនប្រក្រតីចំពោះការឆ្លងមេរោគ ដែលក្នុងនោះរោគសញ្ញារួមមានការថប់បារម្ភ ការប្រកាច់ និង ការបាក់ទឹកចិត្តផងដែរ។
យ៉ាងណាមិញ តាមរយៈរឿងរ៉ាវមួយនេះបានបង្ហាញឱ្យឃើញថា ឪពុកម្តាយមិនគួរបន្ទោសបណ្តាញសង្គមនោះទេ ទាក់ទងនឹងបញ្ហាសុខភាពរបស់កូនៗ គួរតែតាមដានឱ្យបានដិតដល់ និង រកមូលហេតុឱ្យបានច្បាស់ ចៀសវាងស្តាយក្រោយ៕