(វីដេអូ) អ្នកគាំទ្រសង្ស័យ ដាឡែត និង ម៉ាលីន មានដំណឹងល្អឆាប់ៗ ព្រោះខាងប្រុសនៅជួយការងារផ្ទះខាងស្រីញឹកញាប់
បើទោះជាបានចាកចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ហើយក្តី ប៉ុន្តែអតីតបេក្ខជនឆ្នើម លោក ចៅ ដាឡែត នៅតែទទួលបានការគាំទ្រ និង ចាប់អារម្មណ៍ពីសកម្មភាពឯកជនរបស់លោកដូចដើម។ លើសពីនោះ គឺទំនាក់ទំនងរវាងលោក និង បេក្ខជន ឆៃ តារាម៉ាលីន តែម្តង។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកគាំទ្រលោក ចៅ ដាឡែត និង កញ្ញា ឆៃ តារាម៉ាលីន កំពុងផ្ទុះការចាប់អារម្មណ៍ និង ច្រណែនគូនេះមិនតិចនោះទេ ដោយបានឃើញវីដេអូរបស់លោក ដាឡែត បានជិះរថភ្លើងរាប់រយគីឡូពីខេត្តពោធិ៍សាត់ ទៅជួបកញ្ញា ម៉ាលីន ក្នុងថ្ងៃកំណើតរបស់នាងដល់ខេត្តកំពត។
លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិត គឺសកម្មភាពរបស់កំលោះ ដាឡែត បំពេញតួនាទីជាបុរសដើមទ្រូងប្រាំហាត់ ជួយធុរៈគ្រប់សព្វបែបយ៉ាងក្នុងផ្ទះលំហែរបស់កញ្ញា ម៉ាលីន ដោយមានទាំងចម្អិនម្ហូប កាប់ឆ្ការព្រៃ បោសសម្អាតផ្ទះ និង បោកគក់ខោអាវទៀតផង។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រសង្ស័យពីទំនាក់ទំនងរបស់ ដាឡែត និង ម៉ាលីន អាចនឹងមានដំណឹងល្អក៏ថាបាន ក្រោយពីបានឃើញខាងប្រុស ស្កាត់ទៅជួយការងារនៅស្រុកកំណើតខាងស្រីជាច្រើនថ្ងៃដូចគ្រួសារតែមួយទៅហើយ។ ម្យ៉ាងវិញទៀតនោះ វីដេអូមួយរបស់លោក ដាឡែត បង្ហោះឡើងលើ Tik Tok ដើម្បីថតផ្សព្វផ្សាយផលិតផលក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រកាន់តែចាប់ភ្លឹក ព្រោះអ្នកទាំង ២ បាននិយាយពីរឿងសុំរៀបការ មើលទៅដូចនិយាយពីរឿងពិតរបស់ពួកគេ៕