ដំណឹងល្អ! ខានស្អែកនេះ ស្ពានអាកាសឫស្សីកែវ បើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នហើយ
រដ្ឋបាលរាជធានីភ្នំពេញ នាពេលកន្លងទៅថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ខាងរដ្ឋបាលរាជធានី បានបញ្ជាក់ឱ្យដឹងថាដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះតទៅ។
រដ្ឋបាលរាជធានី បានបញ្ជាក់ឱ្យដឹងផងដែរថា ស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តាមវិធីសាស្ត្រយកទីក្រុងចិញ្ចឹមទីក្រុង។
បច្ចុប្បន្នស្ពានអាកាសដែលមានបណ្តោយសរុបប្រវែង ៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ដែល ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ទទួលបានគោលការណ៍សាងសង់ពីរាជរដ្ឋាភិបាល សម្រេចការសាងសង់បានស្ទើរតែ ១០០ ភាគរយហើយ នៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុងនាប៉ុន្មានថ្ងៃខាងមុខនេះ៕
សូមអានសេចក្ដីជូនដំណឹងពី រដ្ឋបាលរាជធានីភ្នំពេញ នៅខាងក្រោម ៖