ផ្អើលមួយព្រឹកធំរឿងភ្ជាប់ពាក្យ ស្រាប់តែ ពេជ្រ សោភា និង ឆឹម សក្កដា និយាយថាថត MV មិត្ត ១០០ ឆ្នាំវគ្គ ២ វិញ
នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ពិធីភ្ជាប់ពាក្យរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា និង តារាសម្តែងរូបសង្ហា លោក ឆឹម សក្កដា កំពុងតែជាប្រធានបទដ៏ក្តៅគគុកលើបណ្តាញសង្គមហ្វេសប៊ុក ក៏ព្រោះក្រោយប្រកាសបែកគ្នាកាលពីចុងឆ្នាំ ២០២១ ស្រាប់តែអ្នកទាំង ២ សំងំសាងចំណងស្នេហ៍ឡើងវិញយ៉ាង Private រហូតដល់ថ្ងៃបង្ហាញដំណឹងដ៏ល្អបែបនេះសោះ។
ក្រោយទទួលបានការជូនពរជាបន្តបន្ទាប់ពីសំណាក់អ្នគាំទ្រ មិត្តក្នុង និង ក្រៅសិល្បៈជាច្រើនហើយនោះ ស្រាប់តែបញ្ចប់ពិធីភ្ជាប់ពាក្យរួចរាល់ គូស្នេហ៍មួយគូនេះបង្ហោះសារយ៉ាងប្លែក ហាក់ធ្វើឱ្យមហាជនស្រឡាំងកាំងជាថ្មីម្តងទៀត ដោយម្នាក់ៗលើកឡើងថាជាការថត MV «មិត្ត ១០០ ឆ្នាំ» វគ្គ ២។
ក្នុងនោះ លោក ឆឹម សក្កដា បានសរសេរថា ៖ «ព្រឹកនេះថត MV បទ មិត្ត១០០ឆ្នាំ វគ្គ ២»។ រីឯអ្នកនាង ពេជ្រ សោភា បានរៀបរាប់ដែរថា ៖ «ព្រឹកមិញ MV បទ មិត្ត ១០០ ឆ្នាំ វគ្គ ២ មិត្តភាពយូរអង្វែង។ Chhoem Sakada មែនអត់មិត្តភក្តិ? តែខ្ញុំហាមតាមគេ ខ្លាចមិត្តភក្តិឯងច្រឡំថាអត់មានមិត្តភក្តិម្នាក់នេះ! យើងនៅថតវគ្គ ៣ ទៀតណា»។
បើទោះជាការបង្ហោះនោះ បញ្ជាក់ពីការថត MV ក៏ពិតមែន តែមហាជនជឿច្បាស់ថា ពិធីភ្ជាប់ពាក្យកាលពីព្រឹកមិញរបស់អ្នកនាង ពេជ្រ សោភា និង លោក ឆឹក សក្កដា គឺជាការពិត ហើយការបញ្ជាក់ថានឹងមានថតវគ្គ ៣ ទៀតនោះ គឺជាវគ្គតារាប្រុសស្រីទាំង ២ ដឹកដៃគ្នាចូលរោងជ័យជាក់ជាមិនខាន៕