មិនបង់បោះ! ម៉ាឡេស៊ីបើកការរុករកយន្តហោះ MH370 ឡើងវិញ ក្រោយរកឃើញទីតាំងថ្មីនៅមហាសមុទ្រឥណ្ឌា
ប្រទេសម៉ាឡេស៊ី បានយល់ព្រមក្នុងការបើកបន្តរុករកបំណែកនៃយន្តហោះដែលបាត់ខ្លួន MH370 ក្រោយមានទីតាំងថ្មីនៅមហាសមុទ្រឥណ្ឌា។
ការរុករកជាថ្មីនេះគឺធ្វើឡើងដោយក្រុមហ៊ុនឯកជនរបស់អាមេរិក Ocean Infinity ទៅលើតំបន់ទំហំ ១៥០០០ គីឡូម៉ែត្រការ៉េនៃឈូងសមុទ្រភាគខាងលិចប្រទេសអូស្ត្រាលី។ ការដាក់ស្នើលើការរុករកឡើងវិញនេះដែរគឺធ្វើឡើងតាមគោលការណ៍ «បើរកមិនឃើញ មិនទទួលបានកម្រៃ» ជាមួយកុងត្រារយៈពេល ១៨ ខែ។
ពោលគឺមានន័យថាខាងរដ្ឋាភិបាលរបស់ម៉ាឡេស៊ី នឹងមិនតម្រូវឱ្យបង់ប្រាក់អ្វីទាំងអស់ ប្រសិនបើរុករកមិនឃើញបំណែកណាមួយរបស់យន្តហោះ MH370។ បើសិនជារកឃើញបំណែកណាមួយមែន នោះម៉ាឡេស៊ីនឹងត្រូវបង់ប្រាក់ចំនួន ៧០ លានដុល្លារទៅឱ្យក្រុមហ៊ុនខាងលើ។
គួររំឮកថា យន្តហោះដឹកអ្នកដំណើរ MH370 របស់ជើងហោះហើរម៉ាឡេស៊ី ដែលដឹកអ្នកដំណើរសរុប ២៧៧ នាក់ និង បុគ្គលិក ១២ នាក់ បានបាត់ខ្លួនសូន្យឈឹងកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៤ កន្លងទៅ ដោយគោលដៅហោះចេញពីកូឡាឡាំពួរទៅក្រុងប៉េកាំង ប្រទេសចិន៕
ប្រភព៖ Daily Mail