អផ្សុកពេកចូលលូក្រោមដីដើរលេង មានអីវង្វេងរកច្រកចេញមិនឃើញ ស្រែកយំក្នុងលូអស់ ៣ ថ្ងៃ ទម្រាំមានអ្នកដឹង
បុរសម្នាក់មិនដឹងជានឹកឃើញអី ទៅចូលដើរលុកលុយក្នុងប្រព័ន្ធលូក្នុងក្រុង រហូតវង្វេងរកផ្លូវចេញមកវិញមិនឃើញ ទម្រាំមានអ្នកដឹង និង មកសង្គ្រោះ ត្រូវនៅក្នុងលូអស់ ៣ ថ្ងៃ។
តាមការចេញផ្សាយរបស់ 9GAG បានឱ្យដឹងថា បុរសរូបនោះមានឈ្មោះ Antonio បានចូលក្នុងប្រព័ន្ធលូនៃទន្លេក្បែរនោះ រួចក៏សម្រេចចិត្តដើរលុកលុយលេងក្នុងនោះ តែមកស៊យធំអីដើររហូតវង្វេងរកផ្លូវចេញវិញលែងឃើញ ស្លន់ស្លោស្រែកយំឱ្យគេជួយ។ បើតាមសម្ដីអ្នកស្រុកម្នាក់បាននិយាយថា ពួកគេឮសំឡេងល្វើយៗដែរ តែមិនដឹងថាសំឡេងមានប្រភពមកពីណា។
រហូត ៣ ថ្ងៃក្រោយមក ទើបមានស្ត្រីម្នាក់ដើរកាត់នោះ ក៏ឮសំឡេងយំខ្សាវៗឱ្យជួយពីលូខាងក្រោម ទើបស្ត្រីរូបនោះបានទាក់ទងទៅខាងអាជ្ញាធរភ្លាមៗ និងបានសង្គ្រោះ Antonio ចេញពីលូមកបានដោយសុវត្ថិភាព។ Antonio ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលផងដែរ៕
ប្រភព៖ 9GAG