ចាយលុយជាង ៧ ពាន់ដុល្លារធ្វើរូបខ្យង តែពលរដ្ឋនាំគ្នាក្ដៅស្លឹកត្រចៀក ព្រោះរូបចេញមកដូច emoji លាមក
រូបសំណាកខ្យងសមុទ្រដាក់បង្ហាញជាសាធារណៈមួយនាប្រទេសអង់គ្លេស ត្រូវបានពលរដ្ឋក្នុងតំបន់នាំគ្នាខឹងសម្បាថាបង្ហិនលុយរដ្ឋ ព្រោះតែលទ្ធផលរូបចេញមកមិនដូចខ្យង តែទៅជាស្រដៀងនឹងរូប emoji លាមកទៅវិញ។
សិល្បៈរូប Periwinkle Shelter ដែលចាយប្រាក់រហូតដល់ ៦ ពាន់ផោន (ប្រមាណ ៧៦២៤ ដុល្លារ) ដែលធ្វើឡើងពីមែកដើម willow កាច់ឱ្យចេញជារូបខ្យងសមុទ្រ។ រូបសំណាកកម្ពស់ ៤.៥ ម៉ែត្រនេះដែរ ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនៅ Earnley Viewpoint នា Medmerry Nature Reserve ជិតក្រុង Chichester តំបន់ West Sussex ប្រទេសអង់គ្លេស កាលពីសប្ដាហ៍កន្លងទៅ។
យ៉ាងណាមិញ ការដាក់តាំងរូបសំណាកនេះដែរបែរជាផ្ទុះការមិនពេញចិត្តខ្លាំងពីសំណាក់ពលរដ្ឋក្នុងតំបន់ទៅវិញដោយសារតែរូបរាងរបស់វា។ មហាជនជាច្រើនរិះគន់ចំៗថា រូបសំណាកនេះគឺពិតជាចោលលុយមែនព្រោះតែវាមើទៅមិនដូចខ្យងទាល់តែសោះ តែបែរជាដូចលាមកយក្សទៅវិញ៕
ប្រភព៖ Dailymail