នៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ នេះ រូបកាយរបស់លោក RuthKo ត្រូវបានរលត់ទៅតាមផ្សែងខ្មួលខ្មាញ់ បន្សល់ទុកនៅតែអនុស្សាវរីយ៍ ស្នាមញញឹមនៅលើរូបថត និង ស្នាដៃរបស់លោកតែប៉ុណ្ណោះ ដោយពិធីបូជាសពរបស់លោក ដាវិឌ ប្ញទ្ធិរុទ្រ ហៅ RuthKo ត្រូវបានផ្លាស់ប្តូរពីពេលរសៀល មកបូជានៅវេលាម៉ោង ៨-៩ ព្រឹកនេះ។
ដោយឡែក សម្រាប់កម្មវិធី ៧ ថ្ងៃ របស់តារាចម្រៀងរ៉េបល្បីឈ្មោះ RuthKo នឹងត្រូវប្រារព្ធធ្វើនៅពេលព្រឹកថ្ងៃ ១២ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ នៅគេហដ្ឋានរបស់សព នៅផ្ទះលេខ ៥១ ផ្លូវ ១៦៨ ភូមិទួលរការ ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាធានីភ្នំពេញ។
ក្នុងនោះ ពិធីបូជាសពរបស់ Coach កម្មវិធី Rapper Fighter រូបនេះ ត្រូវបានញាតិមិត្តជិតឆ្ងាយ និង មិត្តភក្តិជាច្រើនបានទៅជូនដំណើរ និង ជួបមុខលោក RuthKo ជាលើកចុងក្រោយ មុននឹងរូបរាងកាយរបស់លោករលាយទៅតាមភ្លើងបាត់ពីពិភពលោកនេះជារៀងរហូត។
ស្របពេលរូបកាយរបស់ លោក RuthKo រលាយទៅតាមភ្លើងបាត់ពីពិភពលោក មហាជនអ្នកគាំទ្រកាន់តែខ្ទេចបេះដូង នៅពេលឃើញសារមួយរបស់អ្នកម្តាយតារាចម្រៀងរ៉េបរូបនេះបង្ហោះឡើងលើគណនីហ្វេសប៊ុក អមនឹងរូបភាពភ្លើងកំពុងឆាបឆេះសពកូនប្រុស ដោយទាមទារសងជីវិតកូនប្រុសមកវិញ។ សារពោរពេញដោយការឈឺចាប់នោះ អ្នកម្តាយលោក RuthKo បានរៀបរាប់ថា៖ «សងជីវិតកូនខ្ញុំវិញ ឯងមានសមត្ថភាពទេ?»៕