ករណីអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬ សុពលភាពតិចជាង ១៨០ ថ្ងៃ អាចទៅធ្វើថ្មីបាននៅទីតាំងទាំង ៥ នេះ
នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជូនដំណឹងដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមានអាយុ ១៥ ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬ មានសុពលភាពតិចជាង ១៨០ ថ្ងៃ សូមអញ្ជើញទៅបំពេញបែបបទស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណនៅតាមទីតាំងដែលបានកំណត់ដោយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
តាមរយៈការជូនដំណឹងនេះ ទីតាំងទាំង ៥ ដែលត្រូវបំពេញបែបបទស្នើសុំអត្តសញ្ញាណប័ណ្ណ មានដូចជា ៖
១. នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
២. នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ
៣. នៅស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
៤. នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៥. នៅស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអនម៉ល ២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំពោះឯកសារដែលតម្រូវឱ្យប្រជាពលរដ្ឋ ភ្ជាប់ក្នុងការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចខាងក្រោម៖
+ ចំពោះពលរដ្ឋមានអាយុ ១៥ ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារ ភ្ជាប់ចំនួន ២ គឺ៖
– សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
– សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ឬ លិខិតបញ្ជាក់ទីលំនៅ។
+ ចំពោះពលរដ្ឋមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬ មានសុពលភាពតិចជាង ១៨០ ថ្ងៃ ត្រូវមានឯកសារភ្ជាប់ដូចខាងក្រោម៖
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ ថ្ងៃ
– ករណីផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់ជាមួយនូវសៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅនៃលំនៅឋានថ្មី៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖