ភ្ញាក់ផ្អើល! នារីម្នាក់អះអាងជាភរិយាអភិបាលរងក្រុងបូកគោ ទម្លាយថា ត្រូវស្វាមីធ្វើបាបទាំងរាងកាយ និង ផ្លូវចិត្ត សឹងបាក់ស្បាត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយពីបានជ្រាបករណីស្ត្រីម្នាក់ឈ្មោះ ម៉ាត់ លក្ខិណា ទម្លាយថាស្វាមីឈ្មោះ គឹមបញ្ញា មានតួនាទីរាល់ថ្ងៃជាអភិបាលរងក្រុងបូកគោ បានប្រើអំពើហិង្សាមកលើខ្លួន រហូតដល់ទ្រាំលែងបាន។
តាមរយៈប្រភពដែលមានគណនីឈ្មោះ Ah Leak បានបញ្ជាក់បែបនេះថា ៖ «នាងខ្ញុំ ឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមីឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី ២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់នៅជាមួយគាត់ នាងខ្ញុំមិនដែលបានទទួលការស្រឡាញ់ មានតែការឈឺចាប់ទាំងរាងកាយ និង ផ្លូវចិត្ត គាត់បានប្រើអំពើហិង្សាដាក់នាងខ្ញុំម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថាគាត់ឈប់ប្រើអំពើហឹង្សាដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូត»។
ម្ចាស់គណនីដដែលបានបន្តទម្លាយឱ្យដឹងទៀតថា ៖ «រហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែតនឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និង អស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូប និង video ទាំងនេះដើម្បីឱ្យបងប្អូន និង មហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះវាសមនឹងជាអ្នកដឹកនាំទេ (អភិបាលរងក្រុងបូកគោ)។ ហេតុដូចនេះសូមបងប្អូនអ៊ំពូមីងទាំងអស់ជួយចែករំលែកដើម្បីឱ្យរឿងនេះបានដឹងដល់លោកពូអភិបាលខេត្តកំពតបានជ្រាប និង ជួយរកយុតិ្តធម៌មកកាន់នាងខ្ញុំ។ នាងខ្ញុំសូមអរគុណ»៕