រឿងថ្មមួយដុំដាក់នៅរង្វង់មូលបំបែកជា ៤ ស្រុករមាសហែក ឥលូវដឹងការពិតហើយ ក្រោយអភិបាលស្រុកបកស្រាយបញ្ជាក់
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងនាំគ្នាផ្ទុះការចាប់អារម្មណ៍ និង មានចម្ងល់ព្រោងព្រាត បន្ទាប់ពីបានឃើញការបង្ហោះរបស់រដ្ឋបាលស្រុករមាសហែក ដោយបានបង្ហោះរូបភាពថ្មធំមួយដុំ ដាក់តាំងនៅត្រង់ចំណុចផ្លូវបំបែករង្វង់មូលជា ៤ ទីប្រជុំជនស្រុករមាសហែក ខេត្តស្វាយរៀង។
ទាក់ទិនទៅនឹងរឿងនេះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានស្រាយចម្ងល់មហាជនឱ្យបានដឹងថា ថ្មដែលដាក់នៅផ្លូវបំបែកជា ៤ ក្បែរសាលាស្រុកនោះ ជាសមិទ្ធផលមិនទាន់សម្រេច ដែលគ្រោងនឹងត្រូវឆ្លាក់ជារូបរមាស នៅរង្វង់មូលបំបែកជា ៤ នៅស្រុករមាសហែក ខេត្តស្វាយរៀង។
ថ្មនេះផងដែរ ត្រូវបានគេឱ្យឈ្មោះថាជាសិលាសុខសិរី (សិលារួបរួម សុខសប្បាយ) ជាអំណោយដ៏ថ្លៃថ្លារបស់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ដែលបានយកមកពីកំពូលភ្នំជុំសែនរីករាយ មានកម្ពស់ជាង ៧០០ ម៉ែត្រ ដើម្បីតម្កល់ទុកក្នុងស្រុករមាសហែក នាំមកនូវភាពត្រជាក់ត្រជុំ សុខសប្បាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប និង គ្រប់ក្រុមគ្រួសារផងដែរ។
លោកអភិបាលស្រុកបានថ្លែងថា ជាធម្មតាស្រុកក្តី ឃុំក្តី តែងមានប្រវត្តិកកើតស្រុក ឃុំ នីមួយៗ ហើយដុំថ្មដែលរដ្ឋបាលស្រុកបានដាក់នេះ ត្រូវធ្វើការលម្អបន្ថែមទៀត ដូចជាឆ្លាក់រូបសត្វរមាស ដែលស្រុករមាសហែក ត្រូវយករូបសត្វរមាសតំណាងស្រុកផងដែរ។ ក្រៅពីនេះ មានសរសេរអក្សទី ១ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងទី ២ ប្រវត្តិថ្មសិលាសុខសិរី៕
ប្រភព ៖ Fresh News