ឆ្នេរសមុទ្រនៅប្រទេសអ៊ីស្លង់ មានឆ្នេរខ្សាច់ពណ៌ខ្មៅក្រឹប ផ្ដល់ចំណីភ្នែកប្លែកម្យ៉ាងដល់អ្នកទេសចរ
អ៊ីស្លង់ ត្រូវបានគេស្គាល់ថា ជាប្រទេសកោះ ដែលសម្បូរទៅដោយទេសភាពស្អាតអស្ចារ្យ មានទាំងភ្នំភ្លើង និងវាលភ្នំភ្លើង ព្រមទាំងទេសភាពធម្មជាតិប្លែកៗជាច្រើន គួរឱ្យចាប់អារម្មណ៍ ជាទីប៉ងប្រាថ្នាចង់ទៅទស្សនាកម្សាន្តសម្រាប់មនុស្សជាច្រើនលើពិភពលោក។
អ្វីដែលកាន់តែពិសេសទៀតនោះ នៅលើប្រទេសដែនដីកោះនេះ មានឆ្នេរខ្សាច់ពណ៌ខ្មៅក្រឹបមួយ ដែលបង្កើតឡើងពីកម្អែលភ្នំភ្លើង និង មានមនុស្សភាគច្រើនពុំធ្លាប់បានឃើញ បានដឹងពីមុនមក ដែលនៅទីនោះមានឈ្មោះថាឆ្នេរ «Reynisfjara»។
ថ្វីបើឆ្នេរខ្សាច់ពណ៌ខ្មៅ «Reynisfjara» ដ៏ចម្លែកខាងលើ មានភាពទាក់ទាញខ្លាំងក៏ពិតមែន ប៉ុន្តែគេមិនអនុញ្ញាតឱ្យអ្នកហែលទឹកនៅទីនោះបានឡើយ ដោយសារតែជំនោរអាចប្រែប្រួលក្នុងមួយវិនាទី ហើយមនុស្សអាចនឹងត្រូវបានបក់ចេញទៅសមុទ្រ ដោយគ្រាន់តែចូលទៅជិតច្រាំងពេក។ សីតុណ្ហភាពនៃទឹកនៅទីនោះ គឺវាត្រជាក់ពេញមួយឆ្នាំ ដូច្នេះការហែលទឹកនឹងមិនមែនជាបទពិសោធន៍ដ៏រីករាយនោះទេ ទោះបីជាវាអាចទៅរួចក៏ដោយ។
គួរឱ្យដឹងផងដែរថា Reynisfjara មិនមែនជាឆ្នេរខ្សាច់ខ្មៅតែមួយគត់ក្នុងប្រទេសអ៊ីស្លង់ទេ ប៉ុន្តែវាប្រហែលជានិមិត្តរូបដ៏ល្អបំផុត។ បើតាមការស្រាវជ្រាវបានឱ្យដឹងថា ឆ្នេរមួយចំនួនរបស់អ៊ីស្លង់មានខ្សាច់ខ្មៅ ដោយសារតែខ្សាច់ត្រូវបានកើតចេញពីថ្មភ្នំភ្លើងពណ៌ខ្មៅ ដែលបង្កើតឡើងនៅពេលដែលកម្អែលត្រជាក់ និង រឹង ហើយនៅពេលដែលកម្អែលភ្នំភ្លើងរលាយ បានប៉ះទង្គិចជាមួយសមុទ្រអាត្លង់ទិកខាងជើងដ៏ត្រជាក់នោះ ថ្មខ្មៅត្រូវបានបង្កើតឡើង ហើយនៅទីបំផុតបានរលាយចូលទៅក្នុងខ្សាច់ភ្លឺចាំង ដូចអ្វីដែលអ្នកឃើញសព្វថ្ងៃនេះ៕
ប្រភព ៖ Reynisfjara