រកផ្លូវវាងផង! ២ ថ្ងៃទៀតនៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្ន ២ ថ្ងៃ លើកំណាត់ផ្លូវទាំងនេះ តាមម៉ោងកំណត់
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia នៅរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ សហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង និង វិស័យឯកជននានា នឹងរៀបចំព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia ក្រោមប្រធានបទ «GumBall 3000 Rally in Cambodia ដើម្បីទេសចរណ៍» នៅថ្ងៃទី ១៥ និង ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីធ្លាបរិវេណសួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និង កំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) ក្នុងភូមិសាស្ត្រខណ្ឌចំការមន និង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដូច្នេះ ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ដូចខាងក្រោម៖
១. នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤
– ចាប់ពីម៉ោង ១៤:០០ នាទី រហូតដល់ម៉ោង ១៦:០០ នាទី មានការតាំងបង្ហាញក្បួនរថយន្ត មហាជនគាំទ្រក្នុងស្រុកប្រមាណ ៣០០ គ្រឿង នៅជុំវិញវិមានឯករាជ្យ ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរជុំវិញវិមានឯករាជ្យរយៈពេល ០២ ម៉ោងជាបណ្តោះអាសន្ន។
– ចាប់ពីម៉ោង ១៧:៣០ នាទី រហូតដល់ម៉ោង ២០:៣០ នាទី មានការតាំងបង្ហាញក្បួនរថយន្ត គណៈប្រតិភូ Gumball 3000 និង រថយន្តមហាជនគាំទ្រក្នុងស្រុក ជុំវិញរង្វង់មូលវិមានឯករាជ្យ លើ កំណាត់មហាវិថីព្រះសីហនុ កំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) និង កំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបនាគបាញ់ទឹក រហូតដល់មហាវិថី សម្តេចសុធារស កែងវិថីឧកញ៉ាឈុន)។
– ចាប់ពីម៉ោង ២០:៣០ នាទី រហូតដល់ម៉ោង ២៤:០០ នាទី មានការរៀបចំប្រគំតន្ត្រីជាតិ -អន្តរជាតិ នៅសួនច្បារមុខវត្តបទុមវតី និង តាំងបង្ហាញក្បួនរថយន្តតាមកំណាត់មហាវិថីព្រះសីហនុ កំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) និង កំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបនាគបាញ់ទឹក រហូតដល់មហាវិថីសម្តេចសុធារស កែងវិថីឧកញ៉ាឈុន)។
– ចាប់ពីម៉ោង ២៤:០០ នាទី រថយន្តរបស់គណៈប្រតិភូ GumBall 3000 ចំនួន ១០១ គ្រឿង ធ្វើដំណើរចេញពីទីតាំងប្រគំតន្ត្រីនៅសួនច្បារមុខវត្តបទុមវតីទៅចតនៅមុខសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លើកំណាត់ផ្លូវលេខ ១៧៨ (ចាប់ពីវិថីព្រះអង្គយុគន្ធរ រហូតដល់វិថីព្រះអង្គអេង)។
២. នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤
– នៅម៉ោង ០៥:០០ ព្រឹក រថយន្តមហាជនគាំទ្រក្នុងស្រុកប្រមាណ ៣០០ គ្រឿង ធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដោយចេញដំណើរពីទីធ្លាមុខសាលមហោស្រពកោះពេជ្រ ឆ្លងកាត់ស្ពាននាគ ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត បត់ស្តាំទៅតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅរង្វង់មូលដើមពោធិ៍ បត់ឆ្វេងតាមវិថីបក្សីចាំក្រុង (ផ្លូវលេខ ៩៤) រហូតដល់រង្វង់មូលវត្តភ្នំ បត់ស្តាំ តាមវិថីបារាំង (ផ្លូវលេខ ៤៧) ឆ្ពោះទៅសួនច្បាររង្វង់មូលកាំភ្លើងកួចកាណុង បត់ស្តាំឡើងទៅស្ពានមិត្ត ភាពកម្ពុជា-ជប៉ុន រហូតដល់រង្វង់មូលព្រហ្មបាយ័ន ឆ្ពោះទៅផ្លូវជាតិលេខ ៦។
– ចាប់ពីម៉ោង ០៨:០០ នាទី ដល់វេលាម៉ោង ១០:០០ នាទី រថយន្តគណៈប្រតិភូ GumBall 3000 ចំនួន ១០១ គ្រឿង ធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដោយចេញដំណើរពី សណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ តាមផ្លូវលេខ ១៧៨ ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំតាមបណ្តោយមហាវិថីព្រះនរោត្តម ឆ្ពោះទៅរង្វង់មូលវត្តភ្នំ បន្តទៅវិថីបារាំង (ផ្លូវលេខ៤៧) ឆ្ពោះទៅសួនច្បារ រង្វង់មូលកាំភ្លើងកួចកាណុង បត់ស្តាំឡើងទៅស្ពានមិត្តភាពកម្ពុជា-ជប៉ុន រហូតដល់រង្វង់មូលព្រហ្មបាយ័ន ឆ្ពោះទៅផ្លូវជាតិលេខ ៦។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើយោគយល់ អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរតាមកាលបរិច្ឆេទដោយអនុគ្រោះ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖