ភ្ញាក់ផ្អើល! Vinci Wong តារាសម្ដែងល្បីម្នាក់របស់ TVB ជួបបញ្ហាហិរញ្ញវត្ថុខ្លាំងរហូតដាក់ពាក្យប្រកាសក្ស័យធន
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ សារព័ត៌មានហុងកុង HK01 បានចេញផ្សាយថា តារាសម្ដែងហុងកុង Vinci Wong ដែលជាតារាល្បីមួយរូបប្រចាំប៉ុស្តិ៍ TVB បានដាក់ពាក្យប្រកាសក្ស័យធនកាលពីសប្ដាហ៍កន្លងទៅ ក្រោយជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយបណ្ដឹងរបស់លោកនឹងត្រូវតុលាការប្រកាសបើកសវនាការនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។
គួរឱ្យដឹងផងដែរថា នៅមួយថ្ងៃមុនដាក់ពាក្យបណ្ដឹង ខាងក្រុមហ៊ុនហិរញ្ញវត្ថុមួយបានប្ដឹងតារាប្រុសវ័យ ៥៤ ឆ្នាំរូបនេះ ដោយទាមទារឱ្យដោះស្រាយបំណុលដែលជំពាក់ប្រមាណជិត ៣ លានដុល្លារហុងកុង (ប្រមាណជាង ៣៨ ម៉ឺនដុល្លារ)។ លើគេហទំព័រផ្ទាល់ខ្លួន តារាប្រុស Vinci Wong បានទម្លាយថាលោកបានធ្វើការប្រឹក្សាជាមួយកន្លែងជាច្រើន និង ពិចារណាជាយូរមកហើយមុនឈានដល់ការសម្រេចចិត្តដាក់ពាក្យតាមផ្លូវច្បាប់ទៅតុលាការនេះ។ លោកបានសរសេររៀបរាប់ថា៖ «ប្រសិនបើដំណាក់កាលជីវិតអាចប្រៀបធៀបទៅនឹងអាកាសធាតុ ខ្ញុំគឺជារដូវរងាដ៏អាក្រក់បំផុត ប៉ុន្តែខ្ញុំជឿជាក់លើអនាគត ហើយខ្ញុំនៅតែបន្តប្រឈមមុខផលលំបាកទាំងប៉ុន្មានដោយរឹងមាំបំផុត»។
តារាសម្ដែងប្រុស Vinci Wong ជាតារាម្នាក់មកពីក្រុមគ្រួសារត្រកូលស្តុកស្តម្ភមួយរូបដោយជីតារបស់លោកជាម្ចាស់ក្រុមហ៊ុនអេឡិចត្រូនិចធំៗមួយចំនួននៅហុងកុង ហើយក្រោយមកឪពុករបស់លោកជាអ្នកបន្តវេន។ កាលពីមុន Vinci Wong គឺជា CEO ក្រុមហ៊ុនអាហារសុខភាពមួយ ប៉ុន្តែបានបិទចោលវិញនៅក្នុងឆ្នាំ ២០១៧។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Vinci Wong បានងាកមកចាប់អារម្មណ៍លើវិស័យផលិតកម្មវិធីទូរទស្សន៍ និង គ្រប់គ្រងលើសិល្បករ។ ជាក់ស្ដែងក្នុងឆ្នាំ ២០២៤ នេះដែរ លោកបានវិនិយោគប្រាក់ចំនួន ៤ លានដុល្លារហុងកុង (ប្រមាណជាង ៥១ ម៉ឺនដុល្លារ) ក្នុងការផលិតកម្មវិធីកម្សាន្តមួយឈ្មោះ «Boyscation Too» ដោយមានលោកជា MC កម្មវិធីដោយផ្ទាល់។
Vinci Wong បានសម្ដែងឱ្យទូរទស្សន៍ TVB តាំងពីចុងជំនាន់ឆ្នាំ ១៩៩០ មកម្ល៉េះ ដោយរឿងដែលលោកបានសម្ដែងរួមមានរឿង «The Hand of Kindness, Forensic Heroes (2006), Storm of the Heart 3 និង រឿង The Case Against the Heavens» ជាដើម។ Vinci Wong មិនមែនជាមនុស្សខ្លួនមួយទៀតនោះឡើយ ដោយលោកបានរៀបការជាមួយបុរសដូចគ្នាឈ្មោះ Kevin Chow នាប្រទេសកាដាណា ក្នុង ឆ្នាំ ២០១៦ ក្រោយទាក់ទងស្រឡាញ់គ្នាបាន ៧ ឆ្នាំ៕