អាណិតណាស់! កូនដេកចេះតែភ្ញាក់ៗ ម្ដាយយកឱ្យគ្រូខ្មែរអុជ ២ ដង ស្រាប់តែឆ្លងបាក់តេរីធ្វើឱ្យរលាកសួត ទាំងអាយុទើបបានជិត ២ ខែ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីសោកស្ដាយ និង អាណិតអាសូរចំពោះទារកអាយុជិត ២ ខែម្នាក់ ដែលត្រូវម្ដាយយកឱ្យគ្រូអុជ ស្រាប់តែត្រូវបាក់តេរីឆ្លងចូលបណ្ដាលឱ្យកើតជំងឺរលាកសួត។
បើតាមគណនីវេជ្ជបណ្ឌិត អៀង ហាប់ស្រេង បានបញ្ជាក់ឱ្យដឹងថា ទារកអាយុជិត ២ ខែ ត្រូវបានម្តាយយកឱ្យគ្រូខ្មែរ អុជ ២ ដង (អាយុ ១៥ ថ្ងៃម្តង និង ១ ខែកន្លះម្តង) ដោយសារកូនឧស្សាហ៍ដេកភ្ញាក់ៗ។ ក្រោយពីបានអុធលើកទី ២ បានរយៈពេល ៣ ថ្ងៃ ចាប់ផ្តើមក្តៅខ្លួនខ្លាំង ក្អក និង ហត់ លុះមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានរកឃើញថាកូនគាត់មានជំងឺរលាកសួត មានខ្ទុះ និង ខ្យល់ក្នុងស្រោមសួតខាងស្តាំ (Rt Pyopneumothorax) បង្កដោយបាក់តេរី S.aureus ដែលឆ្លងចូលតាមស្នាមដែលបានអុជ។
ទន្ទឹមគ្នានេះ បើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិតខាងលើ បានឱ្យដឹងថាស្ត្រីជាម្តាយគាត់សន្យាថា ឈប់យកកូនទៅអុជទៀតហើយ៕