ណាត់គ្នាទៅលេង! នៅសៀមរាប មានប្រកួតបង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី ៣ ថ្ងៃពេញ បើបានទៅដឹងតែសប្បាយភ្នែកហើយ
នាពេលថ្មីៗនេះ រដ្ឋបានខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា នៅខេត្តសៀមរាប នឹងមានរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី ខេត្តសៀមរាប ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែ ធ្នូ ឆ្នាំ ២០២៤ ខាងមុខ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)។
គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និង ស្របតាមយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ក៏ដូចជាផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនាខេត្តសៀមរាប-អង្គរ នៃយើងឱ្យកាន់តែបានច្រើនកុះករ។
ក្នុងព្រឹត្តិការណ៍នេះដែរ រដ្ឋបាលខេត្តនឹងមានរៀបចំកម្មវិធីមួយចំនួនដូចខាងក្រោម៖
១. កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរ ដែលមកពីបណ្តារាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា និង មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តសៀមរាប។
២. កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍បន្លែផ្លែឈើ និង ពិព័រណ៍ម្ហូបអាហារ ភូមិមួយ ផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ និង ការប្រគុំតន្ត្រីបុរាណ និង សម័យ នាពេលរាត្រី។
៣. កម្មវិធីបង្ហាត់បង្ហាញអំពីរបៀបនៃការធ្វើខ្លែងឯកខ្មែរ និង ខ្លែងសេរី ដោយព្រឹទ្ធាចារ្យខ្លែងឯក ក្នុងខេត្តសៀមរាប៕