ឪពុកម្ដាយកុំប្រហែស! អ្នកចិត្តវិទ្យាដាស់តឿន បើកូនៗចូលចិត្តពណ៌ទាំង ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តមិនល្អឡើយ
អ្នកចិត្តវិទ្យាជនជាតិស្វីសម្នាក់ឈ្មោះ Max Lüscher បានឱ្យដឹងថា ការចូលចិត្តពណ៌ណាមួយរបស់មនុស្ស មិនបានប្រាប់តែរឿងរសនិយមរបស់គេនោះទេ តែវាក៏អាចប្រាប់ទៅស្ថានភាពនៃផ្លូវចិត្តខាងក្នុងរបស់ពួកគេផងដែរ។ ជាពិសេស យើងគួរតែសង្កេតបំផុតទៅលើក្មេង ព្រោះក្នុងវ័យនេះពួកគេចាប់ផ្តើមចាប់ពណ៌ដែលខ្លួនចូលចិត្តបានហើយ ហើយបើសិនជាគេចូលចិត្តពណ៌ក្នុងចំណោមពណ៌ទាំង ៣ នៅខាងក្រោមនេះ គួរតែប្រយ័ត្នឱ្យមែនទែន ព្រោះអាចប្រាប់ពីបញ្ហាផ្លូវចិត្តរបស់ពួកគេបាន ៖
១. ពណ៌ខ្មៅ
ក្មេងដែលចូលចិត្តពណ៌ខ្មៅ អាចនឹងលាក់អារម្មណឈឺចាប់នៅក្នុងចិត្តច្រើន។ ក្មេងដែលចូលចិត្តពណ៌នេះពីដើមអាចជាក្មេងដែលរីករាយ ប៉ុន្តែពួកគេអាចនឹងជួបរឿងរ៉ាវអវិជ្ជមានណាមួយ ដែលបង្កជាការឈឺចាប់ខាងផ្លូវចិត្ត ហើយគេនឹងយកពណ៌ខ្មៅមកបិទបាំងការឈឺចាប់ទាំងនោះ។ បើសិនជាកូនៗចូលចិត្តពាក់ខោអាវពណ៌ខ្មៅ ឬប្រើរបស់ដែលមានពណ៌ខ្មៅ ពួកគេអាចនឹងកំពុងលាក់សេចក្តីទុក្ខណាមួយហើយ ចូរឪពុកម្តាយយកចិត្តទុកដាក់សួរនាំ និងផ្តល់ភាពកក់ក្តៅឱ្យបានពេញទី។
២. ពណ៌ទឹកប៊ិច
ក្មេងដែលចូលចិត្តពណ៌ទឹកប៊ិចជាក្មេងដែលចូលចិត្តសេរីភាព និង ឆ្លាត ប៉ុន្តែពេលខ្លះពួកគេអាចនឹងមានអារម្មណ៍ថាឯកាខ្លាំង ព្រោះជាក្មេងដែលមិនសូវបើកចិត្តនិយាយពីអារម្មណ៍ប្រាប់នរណាឡើយ។ ក្មេងអាចខ្វះការទំនាក់ទំនង ដែលអាចនាំឱ្យក្លាយទៅជាការបាក់ទឹកចិត្ត បើសិនជាឪពុកម្តាយសង្កេតឃើញអត្តចរិតបែបនេះនៅកូនៗ គួរតែជំរុញពួកគេឱ្យមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន និង ជំរុញឱ្យគេបញ្ចេញអារម្មណ៍ឱ្យបានច្រើនជាងមុនផងដែរ។
៣. ពណ៌ផ្ទៃមេឃ
ក្មេងដែលចូលចិត្តពណ៌ផ្ទៃមេឃ អាចជាក្មេងដែលសម្តែងមកខាងក្រៅថាជាក្មេងរីករាយមានក្តីសុខ តែនៅខាងក្នុងពួកគេអាចជាក្មេងដែលមានអារម្មណ៍ទន់ជ្រាយណាស់ អាចនឹងងាយប៉ះទង្គិចពីរឿងតិចតួចជុំវិញខ្លួនបាន ដូច្នេះហើយឪពុកម្តាយគួរតែយកចិត្តទុកដាក់ជាមួយនឹងអារម្មណ៍របស់គេឱ្យមែនទែន៕