ក្រោយបែកសង្សារឈឺចាប់ពេក Top Jaron យកស្រាជាត្រីមុខ រយៈពេល ៦ ខែ
អតីតតារាសម្ដែងប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ លោក Top Jaron គឺជាតារាប្រុសរូបសង្ហាម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។ ក្រោយពីចាកចេញពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បច្ចុប្បន្នលោកជាតារាសម្ដែងឯករាជ្យ និង ជា Youtuber ម្នាក់ផងដែរ។
បើនិយាយពីជីវិតឯកជនវិញ មកទល់ពេលនេះ តារាប្រុស Top នៅពុំទាន់បានរកឃើញម្ចាស់ស្នេហ៍នៅឡើយទេ ខណៈដែលធ្លាប់ខកចិត្តលើរឿងនេះមកជាច្រើនដង។ ថ្មីៗនេះ តារាប្រុស Top បានចេញមកទម្លាយពីស្ថានភាពផ្លូវចិត្តរបស់ខ្លួន ក្រោយពេលបែកបាក់ស្នេហាថា តើលោកធ្វើដូចម្តេចខ្លះដើម្បីបំបាត់ទុក្ខ។
Top បានទម្លាយថា ៖ « អស់រយៈពេល ៦ ខែបន្ទាប់ពីចែកផ្លូវគ្នា លោកបានយកគ្រឿងស្រវឹងធ្វើជាមិត្ត ដោយ ៦ ខែនោះ លោកតែងបានផឹកស្រាជាប្រចាំ តែមិនមែនរាល់ថ្ងៃឡើយ។ សម្រាប់វិធីដោះស្រាយបញ្ហាដោយវិធីនេះ ហាក់មិនបានធ្វើឱ្យលោកបានធូរស្បើយនោះទេ។ ក្រោយមកលោកក៏បាន ជ្រើសព្រះធម៌វិញ ដោយអង្គុយសម្មាធិ ការរៀនធ្វើចិត្តឱ្យស្ងប់ សូត្រមន្តជាដើម ទើបធ្វើឱ្យចិត្តបានប្រសើរ»។
ការដែលទម្លាយនេះ វាគ្រាន់តែបទពិសោធន៍របស់លោកប៉ុណ្ណោះ ហើយវាក៏ជាឧទាហរណ៍ដ៏ល្អមួយសម្រាប់អ្នកដែលខូចចិត្តគួរកុំជ្រើសរើសយកស្រាជាមិត្តព្រោះវាមិនមែនជាដំណោះស្រាយដ៏ល្អឡើយ៕