ទប់មិនបានរឿងគេនិយាយពីស្រីៗស្លៀកឈុតហាត់ប្រាណ គូដណ្ដឹង ជា លាងឈែ ទរផាំងផ្តាំទៅប្រុសៗមួយចំនួនយ៉ាងក្ដៅគគុកវិញ
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនិយមហាត់កីឡានៅតាមក្លិបហាត់ប្រាណ កំពុងតែផ្ទុះការចែករំលែក និង មានការវែកញែកមួយពាក់ព័ន្ធនឹងការបង្ហោះពីគណនីហ្វេសប៊ុកបុរសម្នាក់បានលើកឡើងការស្លៀកពាក់ឈុតកីឡារបស់នារីៗពេលទៅហាត់ប្រាណ។
ជាការពិតណាស់ ឈុតកីឡារបស់នារីៗភាគច្រើនជាប្រភេទខោអាវរឹបរាង មានវែង មានខ្លី និង អាវខ្លះខើចចេញក្បាលពោះក៏មានដែរ។ ចំណុចនេះដែរ ស្រាប់តែមានគណនីហ្វេសប៊ុកបុរសម្នាក់ បានចេញមកបង្ហោះសារផ្តាំទៅស្រីៗពីការស្លៀកពាក់កុំឱ្យឃើញរូបរាងខ្លាំង និង ពោលគឺទៅកាន់នារីៗហាត់ប្រាណមួយចំនួនឱ្យចេះឱ្យតម្លៃខ្លួនឯងខ្លះផង។ សារនេះដែរ ក៏ចាប់ផ្តើមផ្ទុះការបញ្ចេញមតិ និង វែកញែកជាបន្តបន្ទាប់ ដោយមានការយល់ស្រប និង ខ្លះទៀតបានបង្ហាញអារម្មណ៍មិនពេញចិត្តនៃការលើកឡើងខាងលើនោះ។
ក្នុងនោះដែរ ស្រាប់តែគេបានឃើញតារាស្រី នួន ណត្ថិយា គូដណ្តឹងរបស់លោក ជា លាងឈែ បានចេញមកបង្ហោះសារហាក់សំដៅទៅលើប្រធានបទខាងលើក្នុងនាមនាងជាអ្នកហាត់កីឡា និង ជាគ្រូបង្វឹកម្នាក់ថា ៖ «ប្រុសៗមួយចំនួនថោកទាបណាស់ ទៅហាត់ប្រាណតែមិនហាត់ទេ ទៅអង្គុយមើលស្រីៗហាត់ ហើយតាំងមករិះគន់គេ បែបគំនិតអាក្រក់»៕