ឆ្ងាយតែកាយ! កែវ កល្យាណ នៅតែបង្ហាញការរាប់អានជាមិត្តល្អដល់អ្នកនាង អម្ពរ ទេវី យ៉ាងរំភើប
នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកគាំទ្រអតីតតារាភាពយន្តជើងចាស់អ្នកនាង អម្ពរ ទេវី បានបង្ហោះសារព្រោងព្រាតជូនពរថ្ងៃកំណើតរបស់អ្នកនាងយ៉ាងមានន័យ។
មហាជនក៏បានឃើញតារាសម្តែងរួមជំនាន់ គឺអ្នកនាង កែវ កល្យាណ ដែលរស់នៅឯប្រទេសកម្ពុជា ក៏បានបង្ហោះសារជូនពរថ្ងៃកំណើតអ្នកនាង អម្ពរ ទេវី ជាមិត្តសម្លាញ់ពីចម្ងាយយ៉ាងមានន័យដូចគ្នាដែរ។ អ្នកនាង កែវ កល្យាណ បានរៀបរាប់សារថា៖ «ជូនពរ ពួកម៉ាក់ មានក្តីសុខក្នុងក្រុមគ្រួសារ សម្រស់ស្រស់ស្អាតរហូត និង មានសុខភាពល្អ អាយុវែងនៅមើលថែប្តី និង កូនបានយូរ»។
ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏បានបង្ហាញអារម្មណ៍រំភើបចិត្ត និង សរសើរដល់មិត្តភាពរបស់អតីតតារាសម្តែងជើងចាស់ទាំង ២ រូប ថាពិតជាបានយូរអង្វែងមែន បើទោះជារស់នៅឆ្ងាយពីគ្នាដូចជើងមេឃក្តី៕