មិនធ្ងន់អីទេ! កាត ៤ នេះ គួរដាក់តាមកាបូបជាប់ ព្រោះអាចជួយដោះស្រាយបាន ពេលមានបញ្ហាចៃដន្យ
ជាការពិតណាស់ ការធ្វើដំណើរចេញក្រៅផ្ទះម្ដងៗ មិនថាជិត ឬឆ្ងាយទេ យើងពុំបានរំពឹងឡើយថា នឹងមានហេតុការណ៍អ្វីកើតឡើងមកលើយើង តែក្នុងនាមជាពលរដ្ឋម្នាក់យើងគប្បីភ្ជាប់ជាមួយឯកសារណាដែលចាំបាច់សម្រាប់ខ្លួនពេលធ្វើដំណើរ ចៀសវាងមានបញ្ហា ត្រូវចំណាយពេលវេលាយូរទៅយកវាដើម្បីដោះស្រាយ។
ជាក់ស្ដែងកាតទាំង ៤ ដែលប្រិយមិត្តគួរតែដាក់តាមខ្លួនមានដូចជា ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ជាការពិតណាស់ អត្តសញ្ញាណប័ណ្ណ ជាប័ណ្ណសម្រាប់សម្គាល់អត្តសញ្ញាណរបស់អ្នក ដូច្នេះក្នុងករណីមានហេតុការណ៍អ្វីមួយគឺអ្នកត្រូវតែបង្ហាញអត្តសញ្ញាណជាចាំបាច់ ពិសេសក្នុងហេតុការណ៍គ្រោះថ្នាក់ណាមួយ ដើម្បីងាយស្រួលគេជួយរកសាច់ញាតិ ឬការប្រើប្រាស់ជាឯកសារសម្រាប់កក់កន្លែងស្នាក់នៅ ឬការជួលមធ្យោបាយធ្វើដំណើរជាដើម។
២. ប័ណ្ណបើកបរ
ប្រសិនបើអ្នកបើកបរយានយន្ត ពិតណាស់អ្វីដែលអ្នកត្រូវដាក់តាមខ្លួនជាចាំបាច់ គឺប័ណ្ណបើកបរ ព្រោះថាពេលមានបញ្ហា អ្វីដែលសមត្ថកិច្ចសួររកអ្នកដំបូង គឺប័ណ្ណបើកបរនេះឯង ដូច្នេះបើពុំបានដាក់តាមខ្លួន គឺអាចខាតពេលវេលាសម្រាប់អ្នកក្នុងការដោះស្រាយជាដើម។
៣. ប័ណ្ណប.ស.ស
គ្មានអ្នកណាអាចមើលឃើញពីគ្រោះថ្នាក់ដោយចៃដន្យរបស់ខ្លួននោះឡើយ តែការប្រុងប្រយ័ត្នគឺអាចជួយខ្លួនអ្នកច្រើនពីហានិភ័យ ពោលពេលមានគ្រោះថ្នាក់ណាមួយកើតឡើងដោយមើលមិនឃើញ ប័ណ្ណ ប.ស.ស ពិតជាអាចជួយអ្នកទៅសម្រាកនៅមន្ទីរពេទ្យដៃគូរ ដោយសម្រាលបន្ទុកថវិកា ព្រមទាំងអាចរត់ឯកសារដំណើរការទៅបានភ្លាមៗ។
៤. ប័ណ្ណធានារ៉ាប់រង
ពិតណាស់ ប្រសិនបើអ្នកមានប័ណ្ណធានារ៉ាប់រង គួរតែដាក់វានៅតាមខ្លួន ព្រោះថាពេលជួបគ្រោះថ្នាក់ជាយថាហេតុ អ្នកអាចប្រើប្រាស់វាបាននៅមន្ទីរពេទ្យដៃគូរភ្លាមៗ ឬអាចទំនាក់ទំនងដៃគូរដោះស្រាយបានភ្លាមៗផងដែរ៕