ទិញគ្រែអនឡាញចងដៃការកូន ចៃដន្យគ្រែបាក់ចំយប់ផ្សំដំណេក ម្ដាយក្មេកទរកូនប្រសាស្រីថាមកពីមិនចេះទប់
សារព័ត៌មាន Kenh14 របស់វៀតណាម បានរាយការណ៍ពីរឿងរ៉ាវរបស់កូនក្រមុំម្នាក់ ដែលត្រូវម្តាយក្មេកចោទថាមិនចេះទប់លំនឹង ហើយជាមនុស្សអពមង្គល ដោយសារតែរឿងបាក់គ្រែនៅក្នុងថ្ងៃផ្សំដំណេក។
នារីជាកូនក្រមុំបានរៀបរាប់ឱ្យដឹងថា ម្តាយក្មេករបស់នាងជាមនុស្សចូលចិត្តទិញអីវ៉ាន់តាមអនឡាញណាស់ ហើយចូលចិត្តតែរបស់ថោកៗដែលគេបញ្ចុះតម្លៃ។ ក្នុងនោះម្តាយក្មេករបស់នាង ក៏ជាអ្នករៀបចំបន្ទប់ផ្សំដំណេកឱ្យនាង និង ស្វាមីនៅក្នុងថ្ងៃរៀបការទៀត ហើយបានទិញគ្រែដែលគេបញ្ចុះតម្លៃថោកៗមកដាក់ ដោយជឿជាក់ថាជារបស់ល្អ ទាំងដែលនាង និង ស្វាមីខំប្រកែកមិនចង់បានយ៉ាងណាក៏មិនខ្ចីស្តាប់។
លុះដល់ថ្ងៃរៀបការ នាងក៏បាននាំមិត្តភក្តិមកជួយដូរឈុតនៅក្នុងបន្ទប់ ហើយក៏បាននាំគ្នាអង្គុយលើគ្រែនោះបានតែ ៥ នាទីស្រាប់តែវាក៏បានបាក់ រីឯម្តាយក្មេកនាងក៏មកជេរស្តីនាងដោយពាក្យសម្តីផ្សេងៗ ជាពិសេសគឺចោទថានាងជាមនុស្សអពមង្គល ព្រមទាំងចង់ឱ្យកូនប្រុសរបស់ខ្លួនលែងលះនាងទៀតផង ទាំងដែលតាមពិតទៅ គ្រែនេះគឺម្តាយក្មេកជាអ្នកចាត់ចែងទិញមកដោយខ្លួនឯងសោះ។ យ៉ាងណាមិញ កូនក្រមុំពិតជាហួសចិត្ត និង ឈឺចាប់ខ្លាំងណាស់ ទើបទម្លាយរឿងនេះនៅតាមបណ្តាញសង្គម ហើយក៏មានមហាជនមួយចំនួនបានលើកទឹកចិត្តឱ្យនាងចាកចេញពីគ្រួសារនេះផងដែរ៕
ប្រភព៖ Sanook