ព្រឺសម្បុរ! សួស វីហ្សា ទម្លាយទាំងភិតភ័យ យល់សប្ដិ ៣ យប់ជាប់គ្នាថាមានគេចង់យកសំឡេងនាងទៅ
ថ្មីៗនេះ ស្របពេលកំពុងពពោះកូនទី ២ តារាចម្រៀងស្រី សួស វីហ្សា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការបារម្ភខ្លាំងទាក់ទងនឹងសំឡេងរបស់នាង ក្រោយពីបានឃើញអ្នកនាងបង្ហោះវីដេអូមួយលើ TikTok ដោយស្រែកច្រៀងសឹងតែមិនរួច រីឯសំឡេងស្អកខ្លាំងខុសធម្មតា ដែលអ្នកនាងហាក់កំពុងមានបញ្ហាបំពង់កម្ដងទៀតដូចកាលពីអំឡុងឆ្នាំ ២០២២ កន្លងទៅ។
ក្រោយពីបានឃើញវីដេអូររបស់អ្នកនាង សួស វីហ្សា ស្រែកច្រៀងស្អកខ្លាំងបែបនេះដែរ មហាជនអ្នកគាំទ្រក៏បង្ហាញការបារម្ភសួរនាំដល់អ្នកនាងទាក់ទងនឹងសំឡេងជាបន្តបន្ទាប់។ ស្របគ្នានេះដែរ ក៏បានឃើញ អ្នកនាង សួស វីហ្សា បង្ហោះសារមួយយ៉ាងភ្ញាក់ផ្អើល ទម្លាយប្រាប់មហាជនទាក់ទងនឹងសំឡេងរបស់នាង ដែលក្នុងនោះអ្នកនាងក៏មិនបានប្រាប់ពីសុខភាពសំឡេងរបស់នាងថាមានបញ្ហាអ្វីឡើយ ដោយគ្រាន់តែនិយាយពីរឿងគួរឱ្យព្រឺសម្បុរមួយថាមានគេចង់បានសំឡេងរបស់នាង និង តាមនាងក្នុងសុបិនដដែលៗ ៣ យប់ជាប់គ្នាទៀតផង។
សារនោះ សួស វីហ្សា បានរៀបរាប់ថា ៖ «ចង់បានសំឡេងខ្ញុំធ្វើអី? ពិសេសកន្លែងណា? ឈប់មករកខ្ញុំក្នុងសុបិនខ្ញុំទៀតទៅមកដដែលៗ ៣ ថ្ងៃហើយ ខ្ញុំសុំ»។ លើសពីនេះ អ្នកនាង ក៏បានបញ្ជាក់ក្រោមការបង្ហោះនោះទៀតថា ៖ «អ្នកដែលចង់បានសំឡេងខ្ញុំ គេមិនមែនជាខ្មោចទេ.! ប្រាប់មួយចុះ..ព្រោះខ្ញុំជាក្រុមពពួកមនុស្សមានញាណពិសេសដែលខ្មោចចូលនៅក្បែរមិនបានទេ.! នេះតាមអ្វីដែលខ្ញុំឃើញ និង ដឹងតាំងពីតូចដល់ចំណាស់នេះ»៕