លែងលះប្តីអស់ ២ ពេលនេះ Boom បើកបេះដូងទទួលស្នេហ៍ប្រុសក្មេងស្ងាត់ៗ ត្រៀមដឹកដៃចុះអេតាស៊ីវិល
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ភាគច្រើនច្បាស់ជាបានស្គាល់ Boom Panadda តារាស្រីជើងចាស់ វ័យ ៤៦ ឆ្នាំ ដែលជាតារាសម្ដែង ពិធីការិនី និង តារាចម្រៀងល្បីឈ្មោះមួយរូបប្រចាំប្រទេសថៃ។
ថ្វីដ្បិតតែតារាស្រីរូបនេះជោគជ័យលើវិថីសិល្បៈ តែជីវិតស្នេហាវិញ Boom ហាក់មិនសូវជោគជ័យប៉ុន្មានឡើយ ដោយនាងធ្លាប់រៀបការដល់ទៅ ២ ដង ហើយលែងលះគ្នាទាំងពីរដង ដែលលើកទីមួយគឺជាមួយលោក Weerapong ឆ្នាំ ២០០៥-២០០៧ និង លើកទី ២ នៅឆ្នាំ ២០១៥-២០១៨។
ក្រោយជួបបទពិសោធលែងលះដល់ទៅ ២ លើក Boom ក៏នៅតែមិនខ្លាចនឹងរឿងស្នេហា ដោយនាងបានបើកបេះដូងជាថ្មីជាមួយបុរសវ័យក្មេងជាង មានអាជីពជាអ្នកកីឡាជម្រើសជាតិមកជិត ២ ឆ្នាំហើយ។
ស្នេហាលើកនេះ តារាស្រី Boom ហាក់មិនសូវបង្ហាញជាសាធារណៈដូចមុនឡើយ ដោយរក្សាភាពឯកជន សូម្បីតែរូបគូក៏កម្រឃើញអ្នកទាំងពីរបង្ហោះជាមួយគ្នាផងដែរ តែ Boom បានបញ្ជាក់ថា ៖ «ចំណងស្នេហ៍ពួកនាងគឺល្អដូចគូដទៃ គ្រាន់តែមិនចូលចិត្តបង្ហាញ»។
បន្ថែមពីនេះ Boom បង្ហើបឱ្យដឹងដែរថា ៖ «ទោះមិនសូវបង្ហោះរូបគូ តែអ្វីៗគ្រប់យ៉ាងគឺល្អ ហើយក៏កំពុងពិភាក្សាគ្នារឿងអេតាស៊ីវិល បើត្រូវរ៉ូវគ្នាហើយគិតថាពួកយើងអាចប្រើជីវិតរួមគ្នាបាន គឺពួកយើងនឹងទៅចុះសំបុត្រអាពាហ៍ពិពាហ៍តែម្ដងមិនចាំយូរទៀតទេ»៕