ដល់រដូវហើយ! ផ្សិតប៉ក់ ឬ ផ្សិតផូងផាំងកំពុងផ្ទុះល្បី មួយឆ្នាំដុះតែម្ដងគត់ មានរាងដូចពងក្រួច បើរសជាតិវិញគឺកប់
ផ្សិតប៉ក់ ឬ ផ្សិតផូងផាំង ជាផ្សិតដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងនិយមយកមកធ្វើម្ហូបស្ងោរ ឬ ឆា ដោយសារវាមានរសជាតិឆ្ងាញ់ខុសប្លែកពីផ្សិតទូទៅ និង ជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលសម្បូរនៅស្រុកពីរប៉ុណ្ណោះ គឺស្រុកភ្នំក្រវាញ និង ស្រុកវាលវែង ហើយជាប្រភេទផ្សិតដែលលក់បានថ្លៃ។
បើតាមការឱ្យដឹងពីរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត ភក្ត្រា បានបញ្ជាក់ថា នៅអំឡុងខែឧសភានេះ គឺជារដូវកាលនៃការប្រមូលផ្សិតប៉ក់ក្នុងតំបន់ការពារធម្មជាតិ ខណៈផ្សិតប៉ក់ ផ្សិតផក់ ឬ ផ្សិតផូងផាំង មួយឆ្នាំដុះតែម្តងគត់ ហើយដុះនៅតាមតំបន់ភ្នំ និង តំបន់ខ្ពង់រាប និង កើតចេញពីដីល្បាយខ្សាច់ ផេះផង់នៃភ្លើងឆេះព្រៃកន្លងមក និង ក្រោយការស្រោចស្រពដោយដំណក់ទឹកភ្លៀង។ ផ្សិតប្រភេទនេះ គឺវាខុសពីផ្សិតធម្មតាដោយវាដុះនៅក្នុងដី និង មានរាងមូលដូចពងក្រួច ហើយគេអាចសម្គាល់រកវាបានដោយឃើញមានដីពើងប្រះឡើងលើនៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។
ផ្សិតប៉ក់នេះ ចាប់ផ្តើមដុះក្នុងអំឡុងខែមេសា និង ឧសភា ដោយវាចាប់ផ្តើមដុះនៅម្តុំដីដែលមានសភាពសើមៗ ជាប់រហូត និង ដុះដោយផ្តុំគ្នា ភាគច្រើននៅម្តុំគុម្ពស្មៅនៅម្តុំស្លឹកឈើជ្រុះស្ងួតៗ។ ផ្សិតប៉ក់នេះមានរសជាតិឆ្ងាញ់ចម្លែកខុសពីផ្សិតដទៃទៀត។ ក្នុងមួយឆ្នាំៗ ផ្សិតប៉ក់ជាច្រើនតោនត្រូវបានប្រមូលផល និង អាចលក់បានចន្លោះពី ៣ ម៉ឺនទៅ ៤ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយបានផ្តល់ចំណូលបន្ថែមដល់ប្រជាសហគមន៍។ ផ្សិតប៉ក់អាចយកទៅកែច្នៃចេញជាមុខម្ហូបផ្សេងៗដូចជា ស្ងោរ ឆា ខ និងស្លរ ជាដើម៕
ប្រភព ៖ ក្រសួងព័ត៌មាន & Neth Pheaktra