នៅតែស្រណោះ! ផ្ទះថ្មីរបស់ លីសុង និង កញ្ចនា ទើបសង់រួចគ្រោងចូលនៅក្រោយរៀបការ បែរជាត្រូវទទួលធាតុ ១០០ ថ្ងៃជំនួសវិញ
បើគិតមកដល់ពេលនេះរយៈពេលជាង ៣ ខែ មកហើយ ដែលសោកនាកម្មបាញ់សម្លាប់ទៅលើម្ចាស់ក្រុមហ៊ុនថតរូប Stellar Pictures និង គូដណ្ដឹង បើគិតចាប់តាំងពីថ្ងៃកើតហេតុ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ។ យ៉ាងណាមិញ រឿងរ៉ាវខាងលើ ក៏នៅតែដក់ជាប់ក្នុងការចងចាំមិនទាន់អាចទទួលយកការពិតបានពីសំណាក់សាច់ញាតិបងប្អូន ក៏ដូចជាមនុស្សស្និទ្ធស្នាលរបស់ពួកគេទាំងពីរនៅឡើយ។
យ៉ាងណាមិញ នៅថ្ងៃទី ២៦ និង ទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមគ្រួសាររបស់ លោក ឡុង លីសុង និង គូដណ្តឹង គឺកញ្ញា ឃីន កញ្ចនា បានរៀបចំពិធីបុណ្យ ១០០ ថ្ងៃ ឧទ្ទិសកុសលដល់អ្នកទាំង ២ ដោយក្តីអាឡោះអាល័យនៅឡើយ។
ក្នុងនោះ ពិធីបុណ្យសព ១០០ ថ្ងៃ របស់ លោក ឡុង លីសុង និង កញ្ញា ឃីន កញ្ចនា បានធ្វើរួមគ្នា និង រៀបចំឡើងនៅផ្ទះថ្មីរបស់អ្នកទាំង ២ ដែលបានសាង់សង់កាលពេលនៅមានជីវិត និង ត្រៀមចូលនៅក្រោយរៀបការរួច ប៉ុន្តែជាអកុសល ផ្ទះមិនទាន់រៀបចំរួចផង ម្ចាស់ផ្ទះទាំង ២ ជាលាចាកលោកទៅហើយ។
អ្វីដែលកាន់តែធ្វើឱ្យមហាជននៅស្រណោះទៀតនោះ ផ្ទះថ្មី ដែលកំពុងរៀបចំពិធីបុណ្យ ១០០ ថ្ងៃ របស់លោក ឡុង លីសុង និង កញ្ញា ឃីន កញ្ចនា នេះដែរ បើសិនជាអ្នកទាំង ២ មិនត្រូវឃាតកដៃឆៅប្រល័យជីវិតនោះទេ ផ្ទះនេះ គឺជាផ្ទះពោរពេញដោយសុភមង្គល ក្រោយពិធីមង្គលការរៀបចំរួច ប៉ុន្តែបែរជាក្លាយទៅជាពិធីបុណ្យ ១០០ ថ្ងៃទៅវីញ៕